×

ខ្លះៗអំពីប្រវត្តិ ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ “ ភ្ជុំបិណ្ឌ” គឺជាពិធីបុណ្យធំមួយក្នុងប្រទេសកម្ពុជាដែលប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ។ ការប្រារព្ធពិធីនេះគឺចាប់ពីថៃ្ង ១រោជ ខែភទ្របទ រហូតដល់ថៃ្ងទី ១៤រោជ ដែលយើងហៅថាជាថ្ងៃកាន់បិណ្ឌ និងថ្ងៃទី ១៥រោជគឺជាថ្ងៃភ្ជុំធំដែលមានន័យថាជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ។

ពាក្យថា “បិណ្ឌ” មានន័យថា ដុំបាយ ដែលប្រជាជនខ្មែរយកអង្ករដំណើរលាយគ្រាប់សណ្តែក និងពូនជាដុំតូចៗដើម្បីបោះនៅកៀនព្រះវិហារពេលទាបភ្លឺ ដែលគេមានជំនឿថា ជាការបោះឱ្យពពួកប្រេត ឬ អសុរកាយ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា កាលពីសម័យបុរាណគេធ្វើពិធីបុណ្យនេះដើម្បីរៀបចំទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។

នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះហើយ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត បើតាមជំនឿ និងទំនៀមទំលាប់តាំងពីបុរាណមក នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដានដោយពុទ្ធបរិស័ទរៀបចំម្ហូបអាហារប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទិ្ទសកោសល្យទៅជីដូនជីតា បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រូវបានជាប់ឃុំនៅក្នុងនរក។

ក្នុងឱកាសនេះជាពេលវេលានៃការបើទ្វានរក ប្រេតខ្លះ មានឱកាសរួចផុតពីការជាប់ទារុណកម្មនៅនរក ខណៈដែលខ្លះទៀតត្រូវបានគេដោះលែងឱ្យនៅក្រៅនរកជាបណ្តោះអាសន្ន ដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទ្ទិស ហើយនឹងត្រូវត្រឡប់ទៅទទួលទុក្ខវេទនានៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។

ជាមួយគ្នានេះដែរ ក្រោយពីបានប្រគេនចង្ហាន់ទៅកាន់ព្រះសង្ឃរួចរាល់ហើយ ប្រជាជនខ្មែរក៏មិនភ្លេចទៅពូនភ្នំខ្សាច់ផងដែរដើម្បីឧទ្ទិសកុសលជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោក និងក្នុងន័យស្មាលាកំហុសបាបមួយចំនួនដែលខ្លួនបានសាងឡើងតាមរយៈការអុជធូប ដាក់លុយតាមភ្នំខ្សាច់នីមួយៗ និងស្រង់ព្រះជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង