ភ្នំពេញ៖ ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្របានបរិយាយអំពី ទឹក ជាគ្រឿងនាំមកនូវ សិរីមង្គល ទាំងបីប្រការសម្រាប់ជាមង្គលដល់មនុស្សលោកទាំងពួង “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង” ។ ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីនេះផងដែរ ប្រជាជនខ្មែរ ក៏មាននូវកិច្ចពិធី ស្រង់ព្រះរស់ (ឪពុកម្តាយ) ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និង ពុទ្ធបដិមា ផងដែរ។
ដូចនេះ ការលេងជះទឹកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរដែលកើតមានក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជម្រះស្រោចស្រពលើព្រះពុទ្ធបដិមាដែលមានចំនួន ២៥អង្គ ដែលត្រួវបានគេយកមកដង្ហែនាពេលនោះ។
យោងតាមកំណត់ត្រារបស់លោក ចូវតាក្វាន់ ដែលជារាជ្យទូត នគរយ័ន មកពីប្រទេសចិន បានកត់ត្រាអំពីពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៧ នៃគ.សករាជ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជម្រះលាងស្រោចស្រពលើព្រះពុទ្ធបដិមាផងដែរ ដូចនេះបានបញ្ជាក់ឱ្យឃើញថា ពិធីស្រង់ព្រះ និង ទំនៀមលេងជះទឹករបស់កម្ពុជាបច្ចុប្បន្នទំនងកើតចេញពីពិធីស្រង់ព្រះ អំឡុងថ្ងៃចូលឆ្នាំខ្មែរ តាំងពីសម័យកាលចក្រភពអង្គរមកម៉្លេះ ហើយទំនៀមលេងជះទឹកនេះបានរីកសាយមកដល់បច្ចុប្បន្ន។
ដោយសារតែខែមេសា អាកាសធាតុក្ដៅខ្លាំង ខុសពីខែផ្សេងៗ ទើបប្រពៃណីលេងជះទឹក ត្រូវបានពេញនិយមនាសម័យកាលអង្គរ ដោយផ្អែកលើកិច្ចពិធីនៃការលាងជំរះព្រះបដិមា ដែលត្រូវបានចាប់ផ្ដើមក្នុង ស.វទី១១ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ ដែលទទួលបាន ព្រះកែវមរកត ក្នុងអំឡុងពេលនោះ។ ដូចនេះហើយ ចូលឆ្នាំខ្មែរ គឺជាចូលឆ្មាំរបស់ជាតិសាសន៍ខ្មែរ គ្រប់ពណ៌សម្បុរ មិនមែនជាការចូលឆ្នាំរបស់ព្រះសង្ឃនោះទេ ព្រះសង្ឃមិនអាចលេងសប្បាយ ដូចពលរដ្ឋទូទៅនោះទេ ព្រោះអាចខុសច្បាប់វិន័យ វត្តជាទីសំណាក់ធម៌ មិនគួរឱ្យមានការចាក់តន្ត្រីសម័យរាំរែកនៅក្នុងទីធ្លាវត្តនោះឡើយ។ វត្តអារាម អាចបង្កើតឱ្យមានពិធីសប្បាយៗបែបសីលធម៌ផ្សេងៗដូចជា៖ លេងជះទឹក ប៉ាតម្ស៉ៅ លេងល្បែងប្រជាប្រិយ ឬ អាចចាក់ត្រឹមតន្ត្រីបែបប្រជាប្រិយខ្មែរប៉ុណ្ណោះដូចជា៖ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម ម៉ាកឌីហ្សុន ជៀសវាងបទរាំញាក់ផ្សេងៗ ។
រីឯការលេងប៉ាតម៉្សៅ ក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ត ក្នុងពិធីបុណ្យ “ហូលី”(Holi)។ ពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) តែងប្រារព្ធនូវសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា (Radha Krishna) វាក៏បង្ហាញពីជ័យជម្នះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ ដែលបានក្រឡាខ្លួនជា នរៈសិង្ហ (Narasimha Narayana) ដែលយកឈ្នះ “ហិរណយក្សសិបុ” (Hiranyakashipu) ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាស៊ីអាគ្នេយ៍ផងដែរ ព្រោះពិធីបុណ្យនេះប្រារព្ធខុសពេលវេលា និង ពិធីបុណ្យចូលឆ្នាំខ្មែរ តែមួយខែ ប៉ុណ្ណោះដែលពិធីបុណ្យនេះប្រារព្ធនៅខែមីនា។
ដោយម៉្សៅពណ៌ ប្រហែលជាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋកម្ពុជាពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស ដែលមិនប៉ះពាល់ដល់សុខភាព ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និទ្ធស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ៕