×

តស់! យល់ដឹងពីអត្ថន័យរបាំត្រុដិនារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរទាំងអស់គ្នា

ភ្នំពេញ៖ របាំត្រុដិ ជារបាំជនជាតិសំរែ ដែលជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមក។ ជារៀងរាល់ពេលចូលឆ្នាំ ជនជាតិសំរែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ប្រជាប្រិយមួយបែប ដែលគេនិយមមកលេងពេលចូលឆ្នាំថ្មីដើម្បីប្រសិទ្ធពរដល់អ្នកស្រុក។ ម្យ៉ាងទៀតរបាំត្រុដិនេះក៏ផ្សាភ្ជាប់នឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតផងដែរ។ ក្នុងរបាំនេះ គេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថា ក្ងោកជាតំណាងព្រះអាទិត្យ ហើយមនុស្សបន់ស្រន់អង្វរព្រះអាទិត្យ សុំផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការ។

របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សំរែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមាន របាំម៉ុងសាយ ដើម្បីសម្តែងដេញឧបទ្រពចង្រៃ។

តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី បណ្តេញឧបទ្រពចង្រៃទៅភាពសម្បូរសប្បាយផង។ ពាក្យ ត្រុដិ សម្តៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវបានប្រារព្ធធ្វើនោះគឺត្រូវកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរដែលបានរស់នៅខ្ពង់រាប និងវាលទំនាប។ ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយក្នុងន័យដដែលនេះ ការដែលគេមិនបាន ប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវរបាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន ដោយនេះជាអត្ថន័យទី១ នៃរបាំត្រុដិ។

រីឯអត្ថន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរ ពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជា ត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះមានឈ្មោះថាពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។ និមិត្តរូបដ៏សំខាន់នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឱ្យកាន់តែស៊ីជម្រៅ ក្រៅពីវត្តមានរបស់អ្នករាំកាន់សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។

និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ទៀត រាំត្រាប់តាមសត្វទន្សោងដែលចែចង់គ្នា ដោយមានពាក់ស្នែង ទន្សោងលើក្បាលរបស់គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើសដែលត្រូវគេបរបាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតាថែរក្សាព្រៃភ្នំ ដែលជួយពួកព្រានព្រៃក្នុងការបរបាញ់។

ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរយើង ដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការផ្តល់នូវផលប្រយោជន៍ សុភមង្គល របស់មនុស្សក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គីភាពរបស់ពួកគេឡើងវិញ។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាព សត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាព ផ្នែកជំនឿសាសនា។

សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ) និង ជនជាតិខ្មែរប្រារព្ធរបាំនេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿនវប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និង ខ្មែរតែប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ។ ទាក់ទងនឹងឧបករណ៍តន្រ្តី មានដូចជា៖

ដងកញ្ឆា៖ ធ្វើអំពីពីងពង់ប្រវែង២ម៉ែត្រ មានបន្ទះរនាបតូចឆ្មារភា្ជប់នៅចុង ហើយខ្វែងគ្នាពត់ងទន្ទាំ មានសណ្ឋានដូចស្នែង៤។ នៅចុងបន្ទះរនាបមានចងខ្សែខ្វែង ពីចុងមួយទៅចុងមួយ ហើយនៅកណ្តាលខ្សែខ្វែងនោះមានបន្តោងផ្លែអង្គុញដែលចោះយកគ្រាប់ចេញអស់ ហើយដាក់គ្រាប់គ្រួស ឬដែកក្នុងនោះ ប្រយោជន៍អោយលឺសូកាលណាគេបុកដងវានឹងដីតាមចង្វាក់ស្គរ។


ចង្ក្រងដំបែរ៖ ចងបន្តោងនិងខ្សែទាមគោ ហើយចងភ្ជាប់នឹងដងឫស្សីដែរ ចង្រ្កងនេះចងព្យួរនឹងដែរ។ កាលណាគេបុកនឹងដី ក៏លាន់សូរប្រាវៗតាមចង្វាក់។

-ចង្ក្រងរ៉ូងៈ ចង្រ្កងនេះគេចងព្យួរជាចង្កោមៗ ប្រយោជន៍លឺសូរពេលសម្តែង។
-ក្រៅពីនេះមានស្គរដី ទ្រអ៊ូរ និងទ្រសោ…។
-មុខត្លុកៈ ធ្វើពីឆ្អឹងឬស្សីពាសក្រដាស ឬសាច់ ឬខ្មុក
-មកុដៈ ធ្វើពីក្រដាសលាបកាវបិទឱ្យក្រាសតម្រួតគ្នាទៅជារឹង គឺស្មាច់ ឬ ខ្មុក ហើយផាត់ពណ៌។
-ស្នែងប្រឹសៈ ស្នែងទន្សោង កន្ទុយក្ងោក
-ក្រចកយកផ្តៅប្រវែង 0,២ម៉ែត្រ បិទចុងឱ្យស្រួចរោលភ្លើងឱ្យង ហើយយកខ្សែអំបោះចងភ្ជាប់និងម្រាម៤ ឯមេដៃមិនបាច់ពាក់ទេ។

ងាកទៅមើលពីតួសម្តែងវិញ
-អ្នកកាន់ដងកញ្ឆា (ដងកញ្ឆាតំណាងដងស័ត្រ ឬក្លស់)
-អ្នកពាក់មុខត្លុក តំណាងព្រានព្រៃតំណាងដោះ (ទេវតាក្រឡាខ្លួន)
-ប្រើស ទន្សោង តំណាងមា ឬសភាវៈអាក្រក់
-តួរាំ (តូអង្គឯក តួនាង)
-ពួកភ្លេង តំណាងទេវតា
-អ្នកពាក់ក្រចង

ជាមធ្យមតួសម្តែងក្នុងរបាំត្រុដិ មាន២៥នាក់ ហើយតួអង្គដែលគេយកមកសម្តែងនេះគឺមានទាក់ទងនឹងជំនឿថា នៅតាមស្រុកភូមិជិតឆ្ងាយ យូរៗម្តងរមែងមានសត្វព្រៃចូលមកក្នុងភូមិអ្នកស្រុក។ គេជឿថា បើមានសត្វព្រៃណាចូលស្រុកហើយ គឺមានកើតឧបទ្រពចង្រៃមិនខាន គេនាំគ្នាប្រោះព្រំប្រេងម្សៅឱ្យសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ។ ដោយមានជំនឿបែបនេះហើយ ទើបអ្នកស្រុកបង្កើតឱ្យមានរបាំត្រុដិនេះឡើងដែលត្រូវមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងជាសត្វព្រៃមានបង្ហាញឱ្យអ្នកស្រុកប្រោះព្រំប្រេងម្សៅចងដៃអំបោះកម្រងឱ្យស្រេចតែម្តង បើសិនជាមានសត្វព្រៃចូលមកលើកក្រោយទៀតក៏គ្មានកើតឧបទ្រុព្យចង្រៃអ្វីដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង