×

បង្អែមខ្មែរ ត្រូវបង្ហាញនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia

បង្អែមបែបប្រពៃណីខ្មែរ រួមមាន នំអាកោត្នោត និងនំអន្សមត្នោត ដែលផ្សំចេញពីគ្រឿងផ្សំគោលត្នោតខ្មែរដ៏ល្បីល្បាញ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដើម្បីជំរុញម្ហូបអាហារខ្មែរឱ្យដល់ឆាកអន្តរជាតិ ដែលវាជាចលករមួយដ៏សំខាន់នៅក្នុងការរួមចំណែកដល់ការលើកស្ទួយវិស័យទេសចរណ៍ផងដែរ។

នៅក្នុងការប្រកួតវិញ្ញាសាជាក្រុមសាជាថ្មី កាលពីសប្ដាហ៍ទី១០ បេក្ខជនចំនួន ១៨ នាក់ ត្រូវបានបែងចែកជាពីរក្រុម ដើម្បីធ្វើនំអាកោត្នោត និងនំអន្សមត្នោត ក្នុងរយៈពេល ៩០នាទី។

សប្ដាហ៍នេះបានផ្ដោតលើភាពសម្បូរបែបនិងចម្រុះនៃបង្អែមខ្មែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ MasterChef Cambodia ដើម្បីជំរុញដល់ម្ហូបអាហារខ្មែរឱ្យពិភពលោកបានស្គាល់។ វិញ្ញាសានេះ ក៏បានគូសបញ្ជាក់ពីភាពស្វាហាប់របស់បេក្ខជន និងការអាចសម្របខ្លួនក្នុងការប្រកួតជាក្រុម។

គួរបញ្ជាក់ដែរថា ក្រុមការងារ MasterChef Cambodia តែងតែស្វែងរកម្ហូបខ្មែរ និងឧបករណ៍ចម្អិនប្រពៃណី ដែលក្មេងៗជំនាន់ក្រោយពុំសូវបានស្គាល់ ដើម្បីយកមកបង្ហាញនៅក្នុងផ្ទះបាយកម្រិតពិភពលោកមួយនេះ។

កន្លងមក MasterChef Cambodia ក៏បានបង្ហាញពីសៀវភៅ “សោយ” របស់ Chef Nak ដែលធ្លាប់ឈ្នះពានរង្វាន់ពិភពលោក និងមុខម្ហូបនៅក្នុងសៀវភៅនេះដើម្បីឱ្យបេក្ខជនចម្អិនផងដែរ។ ជាមួយគ្នានេះ កម្មវិធីក៏បង្ហាញពីឧបករណ៍ចម្អិនបុរាណ ដូចជាឆ្នាំងស្ពាន់ និងចង្ក្រានមុំបី ដែលសុទ្ធសឹងជារបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរលង់ណាស់មកហើយ។

តើកម្មវិធីនឹងមានអ្វីថ្មីដើម្បីបង្ហាញជូនទស្សនិកជននៅសប្ដាហ៍ក្រោយជាបន្តទៀត? ដូច្នេះ កុំភ្លេចទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង