ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
- កម្សាន្ត, កីឡា, សង្គម
- May 20th, 2025 (7 months)
Views: 200
-

ភ្នំពេញ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥៖
ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានមោទកភាពក្នុងការប្រកាសពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងស្ទូឌីយោ Camwood ដែលជាផ្នែកមួយរបស់ CBS និងក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) ដែលជាផលិតកម្មដ៏ល្បីល្បាញនៅលើពិភពលោក មានមូលដ្ឋាននៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ទូឌីយោ Camwood និងក្រុមហ៊ុនឌឺស្ទូឌីយោ បានរៀបចំឡើងនៅក្រុមហ៊ុន CBS ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីលោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS និងលោកស្រី Sandy Grigsby និងលោក Ken Rutkowski ដែលជាសហស្ថាបនិក និងជាអ្នកដឹកនាំដ៏ល្បីល្បាញ រួមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ CBS មួយចំនួនទៀត។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ទូឌីយោ Camwood និងក្រុមហ៊ុនឌឺស្ទូឌីយោ គឺជាការបង្ហាញពីភាពជាដៃគូជាយុទ្ធសាស្ត្រនេះ ក៏ដូចជាការបើកទំព័រសករាជថ្មីមួយសម្រាប់ឧស្សាហកម្មភាពយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាគោលដៅចម្បងសម្រាប់ការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក ខណៈក្រុមហ៊ុនទាំងពីរត្រៀមនឹងសហការគ្នាដើម្បីផលិតរឿងភាគ និងខ្សែភាពយន្តដែលមានភាពច្នៃប្រឌិត ដែលបង្ហាញពីភាពវិជ្ជមាននៃសង្គមជាតិសម្រាប់វេទិកាផ្សព្វផ្សាយអន្តរជាតិសំខាន់ៗដូចជាមាន Amazon Prime Video, Netflix, Shahid និង HBO Max។

នៅក្នុងឱកាសដ៏ឱឡារិកនេះ លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ពួកយើង ដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅទីតាំងដ៏សំខាន់សម្រាប់ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍អន្តរជាតិ។
លោក David Ulmer បន្តថា ពួកយើងមិនត្រឹមតែបង្កើតមាតិកាលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងប្រព័ន្ធអេកូឡូស៊ីដែលមានភាពច្នៃប្រឌិតដើម្បីជួយលើកកម្ពស់តារាក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចំណែកលោក Ken Rutkowski អ្នកដឹកនាំភាពយន្តហូលីវូដដ៏ល្បីល្បាញ បានលើកឡើងថា សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងរចនាសម្ព័ន្ធនៃការផលិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបានធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសម្រាប់ការផលិតភាពយន្តសម្រាប់ពិភពលោក។
អ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញរូបនេះ បានគូសបញ្ជាក់បន្ថែមថា លោកមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយស្ទូឌីយោ Camwood និង CBS ដើម្បីកំណត់ស្តង់ដាថ្មីសម្រាប់កិច្ចសហការអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ជូនដែរថា ស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ឌឺស្ទូឌីយោនឹងអញ្ជើញតារាលំដាប់អន្តរជាតិ និងតារាដែលមានទេពកោសល្យមកកាន់ប្រទេសកម្ពុជាជាមួយការប្តេជ្ញាចិត្តក្នុងការផ្លាស់ប្ដូរបទពិសោធន៏ ដើម្បីលើកកម្ពស់នូវភាពច្នៃប្រឌិតក្នុងវិស័យភាពយន្តរបស់ប្រទេសកម្ពុជា និងការផលិតកម្មវិធីលំដាប់ថ្នាក់អន្តរជាតិរហូតដល់១០គម្រោង តាមរយៈភាពជាដៃគូជាមួយស្ទូឌីយោCamwood។
មិនតែប៉ុណ្ណោះ តាមរយៈអនុស្សរណៈនេះ ស្ទូឌីយោ Camwood នឹងផ្តល់ជូនវិញនូវសេវាកម្ម និងការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងដំណើរការនៃការផលិតភាពយន្ត ដោយអនុញ្ញាតឱ្យប្រើប្រាស់នូវស្ទូឌីយោដ៏ទំនើបបំផុតរបស់ខ្លួនចំនួន៦ស្ទូឌីយោ ព្រមទាំងផ្ដល់នូវការសម្របសម្រួលពីក្រុមបច្ចេកទេសដែលមានជំនាញច្បាស់លាស់ និងផ្នែកកាត់តពីពេលចាប់ផ្ដើមរហូតដល់ចុងបញ្ចប់នៃដំណើរការផលិត។
Cambodian Broadcasting Service
Email: nou.sophors@cbs.com.kh