
សៀមរាប៖ លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានថ្លែងថា ការចូលរួមប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ដែលកម្ពុជាទទួលបានមេដាយចំនួន២១គឺជាសមិទ្ធផលដ៏គួរឱ្យកោតស្ញប់ស្ញែងនិងជាទីមោទកភាព សម្រាប់ប្រទេសកម្ពុជា ។
លោកស្រី ប៉ុល គឹមសាន នៅក្នុងសន្និសីទសារព័ត៌មានរបស់សមាគមចុងភៅកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងបន្តថា នៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំប្រចាំឆ្នាំ ដែលមានឈ្មោះថា Thailand Ultimate Chef Challenge 2025 (TUCC) កាលពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ខែ ឧសភា ឆ្នាំ២០២៥ គឺជាការប្រកួតលំដាប់អន្តរជាតិ ដែលរៀបចំឡើងដោយសមាគមចុងភៅថៃ និង សមាគមចុងភៅពិភពលោក (WAC) ដោយមានបេក្ខភាពចូលរួមប្រគួតប្រមាណជាង ៥០០ នាក់ ដែលមកពីប្រទេសចំនួន ៩ នោះគឺ រួមមានប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ចិនតៃវ៉ាន់ កូរ៉េ ខាងត្បូង និងប្រទេសប៉ាគីស្ថាន ។
លោកស្រី ប៉ុល គឹមសាន បន្តទៀតថាលោកស្រីបានដឹកនាំសមាជិកសមាគមចុងភៅកម្ពុជា ចំនួនបីក្រុម ដោយមានបេក្ខភាព១៤រូបដើម្បីចូលរួមប្រគួត ហើយក្រោយការប្រកួតយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ៤ថ្ងៃ ក្រុមសមាគមចុងភៅកម្ពុជា (CCA) ទទួលបានលទ្ធផលដ៏គួរឱ្យកោតស្ញប់ស្ញែង និងគួរជាទីមោទកភាព សម្រាប់ប្រទេសកម្ពុជា ក្នុងវិស័យម្ហូបអាហារ ដោយពួកគាត់បានឈ្នះមេដាយចំនួន២១មេដៃក្នុងនោះ មានមេដាយមាសចំនួន៦ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយសំរឹទ្ធចំនួន៨ គ្រឿង ព្រមទាំងបានពានរង្វាន់ធំ ចំនួន ១ (Best Ultimate Asian Gourmet Challenge)ប្រាក់រង្វាន់ ចំនួន ២ ម៉ឺនបាតរួមទាំងវិញ្ញាបនបត្រតាមលំដាប់ពិន្ទុ និងលិខិតថ្លែងអំណរគុណផងដែរ។
សូមជម្រាបថា សមាគមចុងភៅកម្ពុជា តែងតែបានដឹកនាំចុងភៅឆ្នើមរបស់កម្ពុជា ទៅចូលរូមក្នុងការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស និងទទួលបានជ័យជម្នះជាបន្តបន្ទាប់។ ជាមួយនឹងការចូលរួមប្រកួតនេះ សមាគមចុងភៅរំពឹងថា នេះជាផ្នែកមួយក្នុងការផ្សព្វផ្សាយមុខម្ហូបរបស់កម្ពុជា ទៅកាន់ពិភពលោក៕
អត្ថបទ៖ ជា ស្រស់/CNC

