
ព្រះវិហារ៖ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់ដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅជំរំសុវត្ថិភាពវត្តសុវណ្ណគិរីទួលអណ្តែត ក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
អំណោយទាំងនេះ ត្រូវបានក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក បានធ្វើការចែកជូនជាបន្តបន្ទាប់ដល់ជនភៀសសឹក នៅព្រឹកថ្ងៃទី៤ ខែសីហា ដើម្បីជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលបានគេចចេញពីតំបន់មានជម្លោះព្រំដែន។
អំណោយដែលបានចែកជូន រួមមាន ក្នុងមួយគ្រួសារ ទទួលបានសម្លៀកបំពាក់ ២ថង់ ស្បៀងមួយកញ្ចប់( មី ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងឆា សាច់ក្រក់ និងធូបមូស) រួមនឹងអង្ករ ១០គីឡូក្រាម។ ជាមួយគ្នានេះ ក្រុមការងារ ក៏បានចែកជូនបន្ថែមនូវ នំ និងស្ករគ្រាប់ ជូនដល់កុមារ ដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពវត្តទួលអណ្តែតផងដែរ។
បើតាមលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់ជំរំសុវត្ថិភាពវត្តទួលអណ្តែតនេះ មានជនភៀសសឹកប្រមាណ ១០០០គ្រួសារ មានចំនួនមនុស្ស ជាង ៥០០០នាក់ កំពុងស្នាក់នៅ ចាប់តាំងពីមានការឈ្លានពានពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដាមកម្ល៉េះ។
លោកអភិបាលរងខេត្ត បានឱ្យដឹងបន្ថែមថា នៅទូទាំងខេត្តព្រះវិហារ មានជំរំសុវត្ថិភាពចំនួន ១៥កន្លែង សម្រាប់ទទួលជនភៀសសឹក ក្នុងនោះ ជំរំសុវត្ថិភាពវត្តទួលអណ្តែតនេះ ជាជំរំធំទី២ បន្ទាប់ពីជំរំសុវត្ថិភាពពោធិ៍ ៥០០០ដើម។
លោក បានបន្ថែមថា ជនភៀសសឹកទាំងនេះ ត្រូវបានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងសប្បុរសជននានា។ ទោះយ៉ាងណា ដោយសារពួកគាត់ នៅមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានវិញទេ ដូចនេះនៅមានតម្រូវការស្បៀងអាហារបន្ថែមទៀត ជាពិសេស គឺអាហារក្រៀម ដែលអាចទុកបានយូរ។
សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រោមកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ ធនាគារវីង ក្រុមហ៊ុន CBS ដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការកៀរករថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
បច្ចុប្បន្ននេះ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក បានកំពុងបើកយុទ្ធនាការយ៉ាងសកម្មនៅតាមទីតាំងសំខាន់ៗនានា រួមទាំងការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN MyTV និង CBS Digital ជារៀងរាល់ថ្ងៃផងដែរ។
ជាមួយគ្នានេះផងដែរ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ដោយទទួលបានការណែនាំពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏នឹងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បន្ថែមទៀត ទៅចែកជូនដល់ជនភៀសសឹកនៅជំរំសុវត្ថិភាពផ្សេងទៀត នៅចុងសប្តាហ៍នេះផងដែរ។
សូមចូលរួមជាមួយ មូលនិធិទ្រទ្រង់ជនភៀសសឹក ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”៕








