×

មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តល់នូវគ្រឿងឧបភោគបរិភោគ ដល់កម្លាំងកងទ័ពនៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ផ្តល់ជូនកងទ័ពនៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលឈរជើងការពារបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនប្រជាជន។

អំណោយទាំងនេះ ត្រូវបានក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក បានធ្វើការផ្តល់ជូនដល់តំណាងតំបន់ប្រតិបត្តិការសឹករង នៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ ដើម្បីជួយដោះស្រាយការហូបចុកប្រចាំថ្ងៃ របស់វិរកងទ័ពការពារព្រំដែនកម្ពុជា។

អំណោយដែលបានចែកជូន រួមមាន អង្ករចំនួន ៥០០គីឡូក្រាម ទឹកសុទ្ធ ៥០០កេស និងមី ចំនួន ៥០កេស ដែលមូលនិធិទទួលបានពីការចូលរួមចំណែកពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ដូចជាការចូលរួមចំណែកពីសប្បុរសជននានា។

សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រោមកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ ធនាគារវីង ក្រុមហ៊ុន CBS ដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន ក៏ដូចជាជួយដល់កងទ័ព ដែលកំពុងឈរជើងការពារព្រំដែន តាមរយៈការកៀរករថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ននេះ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក បានកំពុងបើកយុទ្ធនាការយ៉ាងសកម្មនៅតាមទីតាំងសំខាន់ៗនានា រួមទាំងការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN MyTV និង CBS Digital ជារៀងរាល់ថ្ងៃផងដែរ។
ជាមួយគ្នានេះផងដែរ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ដោយទទួលបានការណែនាំពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏នឹងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បន្ថែមទៀត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។
សូមចូលរួមជាមួយ មូលនិធិទ្រទ្រង់ជនភៀសសឹក ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង