×

មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន យកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ជនភៀសសឹក ជាពិសេសផ្តល់ការជួយដល់កុមារ ស្ថិតក្នុងជំរំសុវត្ថិភាព នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅរសៀលថ្ងៃទី៣ ខែសីហា បានចុះទៅកាន់ជំរំសុវត្ថិភាពវត្តសុវណ្ណគិរីទួលអណ្តែត ក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្វែងយល់់ពីស្ថានភាពនៃការរស់នៅ និងតម្រូវការចាំបាច់នានា ជាពិសេសបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ដែលកំពុងស្ថិតក្នុងជំរំសុវត្ថិភាពនេះ ក្នុងគោលបំណងផ្តល់នូវការឆ្លើយតបឱ្យចំតម្រូវការពិតប្រាកដ។

ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនេះ ក្រុមការងារមូលនិធិ បាននាំយកនូវនំ និងចំណីអាហារចាំបាច់មួយចំនួន សម្រាប់ចែកដល់កុមារជាច្រើនរយនាក់ ដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពនេះ ក្រោយពេលដែលក្រុមគ្រួសារពួកគេ បានភៀសខ្លួនចេញពីតំបន់ដែលមានការឈ្លានពានពីសំណាក់យោធាថៃ។

បើតាមលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់ជំរំសុវត្ថិភាពវត្តទួលអណ្តែតនេះ មានជនភៀសសឹកប្រមាណ ១០០០គ្រួសារ មានចំនួនមនុស្ស ជាង ៥០០០នាក់ ក្នុងនោះមានកុមារច្រើនរយនាក់ផងដែរ កំពុងស្នាក់នៅ ចាប់តាំងពីមានការឈ្លានពានពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដាមកម្ល៉េះ។

លោកអភិបាលរងខេត្ត បានឱ្យដឹងបន្ថែមថា នៅទូទាំងខេត្តព្រះវិហារ មានជំរំសុវត្ថិភាពចំនួន ១៥កន្លែង សម្រាប់ទទួលជនភៀសសឹក ក្នុងនោះ ជំរំសុវត្ថិភាពវត្តទួលអណ្តែតនេះ ជាជំរំធំទី២ បន្ទាប់ពីជំរំសុវត្ថិភាពពោធិ៍ ៥០០០ដើម។ ជនភៀសសឹកទាំងនេះ ត្រូវបានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងសប្បុរសជននានា។ ទោះយ៉ាងណា ដោយសារពួកគាត់ នៅមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានវិញទេ ដូចនេះនៅមានតម្រូវការស្បៀងអាហារបន្ថែមទៀត ជាពិសេស គឺអាហារក្រៀម ដែលអាចទុកបានរយៈពេលយូរ។

សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រោមកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ ធនាគារវីង ក្រុមហ៊ុន CBS ដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការកៀរករថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ននេះ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក បានកំពុងបើកយុទ្ធនាការយ៉ាងសកម្មនៅតាមទីតាំងសំខាន់ៗនានា រួមទាំងការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN MyTV និង CBS Digital ជារៀងរាល់ថ្ងៃផងដែរ។

ជាមួយគ្នានេះផងដែរ ក្រោយពីបានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងដោយទទួលបានការណែនាំពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ក៏នឹងបន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បន្ថែមទៀត ទៅចែកជូនដល់ជនភៀសសឹកនៅជំរំសុវត្ថិភាពផ្សេងទៀត នាចុងសប្តាហ៍នេះផងដែរ។
សូមចូលរួមជាមួយ មូលនិធិទ្រទ្រង់ជនភៀសសឹក ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង