
នៅក្នុងមូលនិធិ ទ្រទ្រង់ជនភៀសសឹក របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោក រិន ណារ៉ា ឬគ្រប់គ្នាស្គាល់ថា Chef ណារ៉ា បានអំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសាមគ្គីគ្នាជួយដល់ប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងជួបការលំបាកនៅតាមបណ្តោយព្រំដែន។
លោកបានគូសបញ្ជាក់ថា មានតែខ្មែរទេដែលអាចជួយខ្មែរបានពិតប្រាកដ ដើម្បីឱ្យជាតិរឹងមាំ និងអាចរស់បាន។ លោកបានថ្លែងថា «ខ្មែរស្រឡាញ់ខ្មែរ ជាងជនជាតិដទៃស្រឡាញ់ខ្មែរ»។
Chef ណារ៉ា បានរៀបរាប់ពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួន ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់ចាំបាច់ដូចជាចង្ក្រានហ្គាសជាដើម។ លើសពីនេះ លោកក៏បានលើកឡើងពីតម្រូវការរបស់កងទ័ពនៅជួរមុខ ដែលបានស្នើសុំជំនួយជាចង្ក្រានហ្គាស ថ្នាំសង្កូវ និងឧបករណ៍ទាក់ទង ក្រោយពេលដែលក្រុមការងាររបស់លោកបានចុះទៅផ្ទាល់។
ឆ្លើយតបនឹងតម្រូវការនេះ លោក Chef ណារ៉ា បានប្រគល់ជំនួយមួយចំនួនតាមរយៈមូលនិធិរបស់លោកជូនដល់កងទ័ព។ លោកក៏បានលើកទឹកចិត្តដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគតាមគ្រប់រូបភាព មិនថាជាថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ តាមរយៈមូលនិធិ មូលនិធិទ្រទ្រង់ជនភៀសសឹក ។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់ថា មានតែការរួបរួមជួយគ្នាទៅវិញទៅមកទេ ទើបអាចធ្វើឱ្យខ្មែរខ្លាំងបាន៕


