×

មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាននាំយកនូវគ្រឿងឧបភោគបរិភោគ អាវភ្លៀង និងថ្នាំពេទ្យ ជូនដល់ជនភៀសសឹក នៅជំរំសុវត្ថិភាពក្នុងស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ អាវភ្លៀង និងថ្នាំពេទ្យ ជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅជំរំសុវត្ថិភាព ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អំណោយទាំងនេះ ត្រូវបានក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក បានធ្វើការចែកជូនដល់ជនភៀសសឹក នៅព្រឹកថ្ងៃទី៦ ខែសីហា ដើម្បីជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលបានគេចចេញពីតំបន់មានជម្លោះព្រំដែន។

អំណោយដែលបានចែកជូន ជាគ្រឿងឧបភោគបរិភោគចម្រុះគ្រប់មុខ ដូចជា អាហារក្រៀម អង្ករ គ្រឿងទេស អាវភ្លៀង ថ្នាំពេទ្យ ភេសជ្ជៈ និងនំចំណីសម្រាប់កុមារដែលស្នាក់នៅជាមួយក្រុមគ្រួសារក្នុងជំរំសុវត្ថិភាព។

សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រោមកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ ធនាគារវីង ក្រុមហ៊ុន CBS ដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការកៀរករថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ននេះ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក បានកំពុងបើកយុទ្ធនាការយ៉ាងសកម្មនៅតាមទីតាំងសំខាន់ៗនានា រួមទាំងការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN MyTV និង CBS Digital ជារៀងរាល់ថ្ងៃផងដែរ។

ជាមួយគ្នានេះផងដែរ ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក ដោយទទួលបានការណែនាំពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏នឹងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បន្ថែមទៀត ទៅចែកជូនដល់ជនភៀសសឹកនៅជំរំសុវត្ថិភាពផ្សេងទៀត នៅចុងសប្តាហ៍នេះផងដែរ។

សូមចូលរួមជាមួយ មូលនិធិទ្រទ្រង់ជនភៀសសឹក ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង