
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី ៨ខែសីហា ឆ្នាំ២០២៥ ធនាគារ រីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ។
ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្ម តាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព និងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម ព្រមទាំង ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
លោកបណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធ ហើយ តែងតែប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី សោមនស្សរីករាយ ដែលបានសហការ ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ ប្រកបដោយអត្ថន័យជាមួយ កំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់សេវាកម្មរបស់កំពង់ផែ”។
នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធកំពង់ផែបែបទំនើប ដែលអាចឆ្លើយតបកាន់តែឆាប់រហ័សចំពោះតម្រូវការផ្សេងៗ។ ការទូទាត់តាមឌីជីថលនឹងជួយ ពន្លឿនការដឹកជញ្ជូនទំនិញ កាត់បន្ថយការកកស្ទះ និងធ្វើប្រសើរឱ្យ ឡើងនូវការផ្តល់សេវា សង្វាក់ដឹកជញ្ជូនទាំងមូល។
តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឥឡូវនេះអាចទូទាត់តាមរយៈកម្មវិធី PAS Mobile ដោយប្រើប្រាស់គណនី និង KHQRរបស់ ធនាគារ វីង ដែលផ្តល់នូវ ការទូទាត់ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។
ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកប្រព័ន្ធពាណិជ្ជកម្មមួយ ជាលក្ខណៈឌីជីថល មានប្រសិទ្ធភាពនិងភ្ជាប់ទំនាក់ទំនងច្រើនជាងមុន៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់ និងកែវ សារិទ្ធ
