×

មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់វីរកងទ័ព ឈរជើងទិសប្រាសាទតាមាន់ ក្នុងស្មារតីសមរភូមិក្រោយ ឈរនៅពីក្រោយសមរភូមិមុខ យ៉ាងរឹងមាំ និងជាធ្លុងមួយ

ឧត្តរមានជ័យ៖ ក្រុមការងារមូលនិធិទ្រទ្រង់កងទ័ព និងជនភៀសសឹក ដែលបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បាននាំយកអំណោយជាអង្ករ គ្រឿងឧបភោគបរិភោគ និងអាវភ្លៀង ផ្តល់ជូនដល់វីរកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងការពារព្រំដែននៅទិសប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងស្មារតីសមរភូមិក្រោយ ឈរនៅពីក្រោយសមរភូមិមុខ យ៉ាងរឹងមាំ និងជាធ្លុងមួយ។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា នាឃុំគោកមន ស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីក្រុមការងារមូលនិធិ និងលោកវរសេនីយ៍ទោ ឯម ផល្លា នាយសេនាធិការរងកងពលតូចថ្មើរជើងលេខ៤២ តំណាងលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស។

អំណោយដែលបានប្រគល់ជូន រួមមាន អង្ករ ១តោន មី ១០០កេស ទឹកសុទ្ធ ១០០កេស ទឹកត្រី និងទឹកស៊ីអ៊ីវ ៥០យួរ រួមនឹងទឹកដោះគោ សាច់ផាត់ អាវភ្លៀង តង់ និងនំចំណីមួយចំនួនទៀត ដែលទទួលការឧបត្ថម្ភពីសំណាក់សប្បុរសជននានា តាមរយៈយុទ្ធនាការរបស់មូលនិធិទ្រទ្រង់កងទ័ព និងជនភៀសសឹក។

តាងនាមអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន, លោកជំទាវ នៅ សុនីតា អនុប្រធានសមាគមសិល្បករខ្មែរ បានថ្លែងនូវការកោតសរសើរដល់វីរកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ចំពោះវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃកម្ពុជាយើង ជាពិសេសការតស៊ូយ៉ាងស្វិតស្វាញលើសមរភូមិដ៏ក្តៅគគុកនាពេលថ្មីៗកន្លងមកនេះ នៅតាមតំបន់ព្រំដែន ជាពិសេសនៅតំបន់ប្រាសាទតាមាន់នេះ។

ដោយឡែក តាងនាមក្រុមការងារមូលនិធិ អ្នកនាង យុគ ចិន្តា បានបញ្ជាក់បន្ថែមថា ការផ្តល់ការគាំទ្រក្នុងកាលៈទេសៈជួបការលំបាកនេះ បង្ហាញថា យុទ្ធជន និងប្រជាជន គឺជាធ្លុងតែមួយ ក្នុងស្មារតីផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាកម្លាំងតែមួយ ជាកម្លាំង ដែលមិនអាចអ្នកណាម្នាក់យកឈ្នះកម្ពុជាបាន និងលើកទឹកចិត្ត និងផ្ដល់នូវភាពកក់ក្ដៅចេញពីបេះដូងពិតប្រាកដ និងបន្ថែមនូវកម្លាំងចិត្ត ដើម្បីបន្តធានាដល់កិច្ចការពារជាតិ និងការពារទឹកដីរបស់យើង។

ជាការឆ្លើយតប តាងនាមឱ្យលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២, លោកវរសេនីយ៍ទោ ឯម ផល្លា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន និងក្រុមការងារមូលនិធិទ្រទ្រង់កងទ័ព និងជនភៀសសឹក រួមនឹងសប្បុរសជននានា ដែលបានផ្តល់ជាអង្ករ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងអាវភ្លៀង ដល់កងកម្លាំងសម្រាប់ទ្រទ្រង់ប្រចាំថ្ងៃ។ លោកបញ្ជាក់ថា ការចូលរួមចំណែកនេះ ពិតជាបានគាំទ្រដល់ស្មារតី និងទឹកចិត្តរបស់កងទ័ព ក្នុងការបន្តកិច្ចការពារជាតិ និងការពារទឹកដីរបស់យើង។

សូមបញ្ជាក់ថា ដោយមានការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកកម្ពុជា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើមបង្កើតមូលនិធិទ្រទ្រង់ជនភៀសសឹក ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ ធនាគារវីង ក្រុមហ៊ុន CBS និងក្រុមហ៊ុន សែលកាត ក្រោមការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការកៀរករថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ក្រុមការងារមូលនិធិទ្រទ្រង់កងទ័ព និងជនភៀសសឹក បានបើកយុទ្ធនាការចំនួន ២ដំណាក់កាលរួចមកហើយ ក្នុងនោះ ដំណាក់កាលទី២ ទើបបិទបញ្ចប់នៅថ្ងៃទី១០ ខែសីហា ដោយមានការចូលរួមចំណែកផ្តល់ជា ថវិកា សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ អង្ករ និងសម្លៀកបំពាក់ពីពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។

ក្រុមការងារមូលនិធិទ្រទ្រង់កងទ័ព និងជនភៀសសឹក ដោយទទួលបានការណែនាំពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏នឹងបន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលទទួលបានពីសប្បុរសជន ទៅចែកជូនដល់កងទ័ព និងជនភៀសសឹកនៅតំបន់ព្រំដែន និងជំរំសុវត្ថិភាពផ្សេងទៀត នាពេលខាងមុខនេះផងដែរ។

សូមចូលរួមជាមួយ មូលនិធិទ្រទ្រង់ជនភៀសសឹក ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង