កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានបញ្ចប់សប្ដាហ៍ទី១៣ដោយផ្ដល់នូវភាពស្រពិចស្រពិលដល់បេក្ខជននានា ព្រោះ រស្មី លីថូ រ៉ូប៊ីនណា និង ណាវី ដែលត្រូវបានគេគិតថានឹងត្រូវចាកចេញពីកម្មវិធី ត្រូវបានគណៈកម្មការ នាំចេញទៅខាងក្រៅ។
នេះអាចជាការប្រកួតមួយដែលបង្កើនសម្ពាធកាន់តែខ្លាំងឡើង។ អ្នកទាំង៤ អាចនឹងប្រឈមមុខនឹងការប្រកួតមួយដែលមិនធ្លាប់មានពីមុនមក នៅខាងក្រៅផ្ទះបាយ MasterChef មួយនេះ។
សម្រាប់ រស្មី និង លីថូ ដែលធ្លាប់ជួបការលំបាកជាមួយនឹងភាពមិនស្ថិតស្ថេរ នេះគឺជាឱកាសមួយដើម្បីបង្ហាញពីភាពរឹងមាំរបស់ពួកគេ។ ចំណែក រ៉ូប៊ីនណា ដែលបានជួបឧបសគ្គក្នុងវគ្គប្រអប់អាថ៌កំបាំង និងវគ្គម្ហូបច្នៃប្រឌិត កាលពីសប្ដាហ៍មុន នឹងត្រូវបង្ហាញស្នាដៃឱ្យកាន់តែល្អជាងមុន។ សម្រាប់ ណាវី ដែលកំពុងតែមានសម្ពាធពីការធ្លាក់ទឹកដៃ នាពេលថ្មីៗនេះ នឹងត្រូវបង្ហាញពីការផ្ដោតលើរសជាតិ និងការច្នៃប្រឌិតឡើងវិញ ដើម្បីរក្សាអាវអៀមសរបស់ខ្លួន។
សប្ដាហ៍ទី១៤ ខាងមុខនេះ មិនត្រឹមតែសាកល្បងជំនាញធ្វើម្ហូបរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកល្បងនូវឆន្ទៈដ៏មុះមុតរបស់ពួកគេក្នុងការបន្តឈរជើងនៅក្នុងការប្រកួតនេះទៀតផង។ តើអ្នកទាំង៤ នឹងត្រូវប្រឈមមុខជាមួយឧបសគ្គខ្លាំងកម្រិតណា? តើអ្នកចម្អិនរូបណា ដែលត្រូវជម្រុះចេញពីកម្មវិធីក្នុងសប្ដាហ៍នេះ?
ចម្លើយនឹងបង្ហាញនៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ចាប់ពីម៉ោង ៨យប់តទៅ នៅក្នុងការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕