ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង៖ (១) សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី (២) ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា និង (៣) ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។
ទន្ទឹមនឹងនេះ វេទិកាខាងលើ នឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមមូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូល បន្ថែម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម ដែលដាក់បង្ហាញនូវសេវាកម្ម និងផលិតផលទេសចរណ៍ផងដែរ។ ក្នុងន័យនេះ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សហគ្រិនមូស្លីម ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន អាចចូលរួម និងដាក់បង្ហាញផលិតផល សេវាកម្មរបស់ខ្លួនតាមរយៈស្តង់ពិព័រណ៍ខាងលើ៕