×

MasterChef Cambodia៖ បេក្ខជនកំពូលទាំង ៣ រូប បង្ហាញសមត្ថភាពលេចធ្លោ ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងជាថ្មី ក្នុងសប្ដាហ៍ទី២០

វិញ្ញាសាប្រអប់អាថ៌កំបាំងក្នុងសប្ដាហ៍ទី ២០ បានបង្ហាញពីការច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍ ដោយមានម្ហូបដ៏លេចធ្លោចំនួន ៣ចាន ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈកម្មការ។

បេក្ខនារី លាវ លាងហាក់ បានធ្វើឱ្យចាប់អារម្មណ៍ជាមួយនឹងម្ហូប «ស្ដេកត្រីឆ្ពុង» ដែលនេះគឺជាការវិលត្រលប់មកវិញ បន្ទាប់ពីបានឈរនៅ «មាត់ជ្រោះមរណៈ» នៃផ្ទះបាយ MasterChef Cambodia កាលពីសប្ដាហ៍មុន។ ការចម្អិនដ៏ល្អិតល្អន់ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ម្ហូបមួយចាននេះ បានបង្ហាញពីការអភិវឌ្ឍសមត្ថភាព និងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ។

ចំពោះបេក្ខនារី សេង ច័ន្ទណាវី បានជាប់ឈ្មោះក្នុងចំណោមបេក្ខជនកំពូលទាំង ៣ ជាលើកដំបូងបំផុតសម្រាប់វិញ្ញាសាប្រអប់អាថ៌កំបាំង តាមរយៈការច្នៃបេះដូងគោទៅជា «ស្តេកបេះដូងគោ» ។ ភាពក្លាហានក្នុងការប្រើប្រាស់គ្រឿងផ្សំដែលពិបាកចម្អិន បានទទួលលទ្ធផលយ៉ាងល្អប្រសើរ។

ចំណែក បេក្ខនារី សាន វេជ្ជឌី បានបន្តភាពលេចធ្លោជាមួយនឹងការច្នៃម្ហូប «ដៃមឹកប៉ែកអឺរ៉ុប» ដែលបង្ហាញពីបច្ចេកទេសដ៏ប៉ិនប្រសប់ និងការរៀបចំម្ហូបបែបទំនើប។

ខណៈដែលដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រកាន់តែតានតឹង ម្ហូបកំពូលទាំងបីនេះបានបង្ហាញឱ្យឃើញថា ការប្រជែងដណ្តើមយកពាន MasterChef កាន់តែក្តៅគគុកជាងពេលណាៗទាំងអស់។

ទស្សនាសប្ដាហ៍ទី២០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង