×

វត្តស្វាយរមៀត នៃក្រុងសៀមរាប ត្រូវបានជ្រើសរើសជាចំណុចចាប់ផ្ដើមប្រកួតទេសចរណ៍ Tuktuk Tournament ជាលើកទី២

សៀមរាប៖ វត្តស្វាយរមៀត ដែលជាវត្តអារាមទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្រុងសៀមរាប ត្រូវបានក្រុមហ៊ុន tuktuk rental (តុកតុករេនថល) ជ្រើសរើសជាចំណុចចាប់ផ្ដើមនៃការចេញដំណើររបស់កម្មវិធីទេសចរណ៍ប្រកួតប្រជែង “Tuktuk Tournament” លើកទី២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។

កម្មវិធី Tuktuk Tournament បានចាប់ផ្ដើមដំណើរការដោយមានភ្ញៀវទេសចរបរទេសចំនួន ៧០នាក់ បើកបររថយន្ត Tuktuk ចេញពីទីធ្លាវត្តស្វាយរមៀត ឆ្ពោះទៅកាន់ខេត្តគោលដៅផ្សេងៗគ្នានៅទូទាំងប្រទេស ដូចជា ខេត្តបាត់ដំបង ព្រះវិហារ និងមណ្ឌលគិរី ជាដើម។ បន្ទាប់ពីបញ្ចប់បេសកកម្មនៅតាមតំបន់ដែលបានកំណត់ ក្រុមអ្នកទេសចរទាំងនេះនឹងត្រូវធ្វើដំណើរទៅជួបជុំគ្នានៅរាជធានីភ្នំពេញ និងបញ្ចប់កម្មវិធីនៅខេត្តកែប។

លោក John Kann ដែលជាអ្នកសម្របសម្រួលកម្មវិធីនេះ បានលើកឡើងថា កម្មវិធី Tuktuk Tournament បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។ នៅពេលដែលអ្នកទេសចរបរទេសទាំងនេះ រួមជាមួយអ្នកផលិតមាតិកាបរទេស បានទៅដល់កន្លែងទេសចរណ៍ណាមួយ ពួកគាត់នឹងថតពីតំបន់នោះ រួមទាំងការភ្លក់រសជាតិម្ហូបខ្មែរ ធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងបណ្ដាញសារព័ត៌មានផ្សេងៗទៅកាន់បងប្អូនគាត់ និងពិភពលោកបានឃើញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា មូលហេតុដែលជ្រើសរើសវត្តស្វាយរមៀតជាចំណុចចាប់ផ្ដើមចេញដំណើរ ជាលើកទី២ សម្រាប់កម្មវិធីនេះ ដោយសារភាពស្អាត និងរបៀបរៀបរយ មានអនាម័យបរិស្ថានល្អ ភាពបៃតង និងមានសណ្ដាប់ធ្នាប់ល្អ។ ក្នុងនាមជាវត្តអារាមទេសចរណ៍ ក៏បាននាំភ្ញៀវទេសចរឱ្យបានឈ្វេងយល់ពីវិស័យព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ជាក់ស្ដែងក្នុងពិធីចេញដំណើរនេះ ក៏មានការនិមន្តព្រះសង្ឃប្រោះព្រំ និងចងអំបោះដៃ ដើម្បីសុំសេចក្ដីសុខចម្រើនដល់អ្នកចូលរួមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង