
ភ្នំពេញ៖ ទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់មហាសេដ្ឋីដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានពង្រីកវិសាលកាន់តែរីកធំឡើងតាមរយៈបន្តប្រកាសបរិច្ចាគថវិកាបន្ថែមជួយជនភៀសសឹកដោយសារសង្រ្គាមចំនួន២លានដុល្លារទៀត (២,០០០,០០០ដុល្លារ) ដែលធ្វើឲ្យទំហំទឹកប្រាក់ការបរិច្ចាគរបស់ អ្នកឧកញ៉ា និងលោកជំទាវ នៅពេលនះកើនដល់៤លានដុល្លារ (៤,០០០,០០០ដុល្លារ) ដោយមិនរាប់បញ្ចូលការបរិច្ចាគតាមអង្គភាពផ្សេងៗនោះទេ។
ទឹកប្រាក់បរិច្ចាគដ៏ធំសម្បើមនេះធ្វើឡើងតាមរយៈក្រុមហ៊ុនធំៗចំនួន៣ របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាម្ចាស់ និងប្រធានក្រុមប្រឹក្សាភិបាល៖
ទី១៖ ក្រុមហ៊ុន Royal Group ចំនួន២លានដុល្លារ (ថវិការ២លានដុល្លារ)
ទី២៖ ក្រុមហ៊ុន Royal Group Phnom Penh Special Economic Zone (ថវិការ១លានដុល្លារ)
ទី៣៖ ធនាគារ J Trust Royal Bank (ថវិការ១លានដុល្លារ)
ប្រជាជនខ្មែរទូទាំងប្រទេសបានមើលឃើញថា ខណៈដែលសង្រ្គាមនៅតាមព្រំដែនកម្ពុជាថៃ បាននឹងកំពុងផ្ទុះឡើងធ្វើឲ្យជនភៀសឹកនៅពេលកើនដល់ប្រមាណ ៥០ម៉ឺននាក់ ហើយពួកគេត្រូវស្បៀងជាចំាបាច់ និងទាន់ពេលវេលា ដូច្នេះការបរិច្ចាគរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គឺជារឿងដ៏សំខាន់ណាស់ដែលជួយដល់ជនភៀសសឹកដើម្បីសង្គ្រោះជីវិត។ អ្នកឧកញ៉ា និងភរិយា តែងតែចូលរួមជានិច្ចជួយបរិច្ចាគដល់ កម្មវិធីមនុស្សធម៌ជាច្រើនដល់សង្គមកម្ពុជា និងជួយឧបត្ថម្ភថវិកាយ៉ាងច្រើនជួយដល់កម្មវិធីផ្សេងៗតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល៕
