×

អំណោយរបស់សប្បុរសជន ចំនួន ១០រថយន្តធំៗ តាមរយៈមូលនិធិទ្រទ្រង់ជនភៀសសឹក ដឹកនាំដោយលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ត្រៀមដឹកយកទៅចែកជូនជនភៀសសឹក និងវីរកងទ័ព

ភ្នំពេញ៖ សិល្បករ-សិល្បការិនី មកពីសមាគមសិល្បករខ្មែរ រួមជាមួយមហាជនយ៉ាងច្រើនកុះករ មកពីស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ បានស្ម័គ្រចិត្តលើកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រើប្រាស់ចាំបាច់ផ្សេងៗ ដាក់លើរថយន្តធុនធំចំនួន ១០គ្រឿង ដើម្បីដឹកយកទៅចែកជូនជនភៀសសឹក និងវីរកងទ័ព នៅបណ្តាខេត្តមួយចំនួនដែលរងផលប៉ះពាល់ពីការឈ្លានពាន់របស់ថៃ។

ការស្ម័គ្រចិត្តជួយពីកម្លាំងមហាជនបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅទីតាំងស្តង់ Royal One ជិតស្តុបកាណាឌីយ៉ា ក្បែរច្រមុះជ្រូកអតីតប៉ុស្តិ៍លេខ៣ ចាស់ ដើម្បីយកទៅប្រគល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ ខណៈដែលទាហានថៃកំពុងតែបន្តឈ្លានពានមកលើអធិបតេយ្យភាពទឹកដីរបស់កម្ពុជា។

បន្ថែមពីនេះ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចម្រុះ រួមមាន ដូចជា៖ ភួយ, ក្រម៉ា, សារ៉ុង, ច្រាសដុះធ្មេញ, ថ្នាំដុះធ្មេញ, ប្រេងកូឡា, សាប៊ូ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកសុទ្ធ, មីជាតិ, អង្ករ, ត្រីងៀត និងដាច់ក្រក ដើម្បីនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹក នៅជំរំសុវត្ថិភាព និងវីរកងទ័ព ដែលកំពុងតែប្រយុទ្ធតតាំងជាមួយសត្រូវឈានពានថៃផងដែរ។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ដែលដឹកនាំមូលនិធិទ្រទ្រង់ជនភៀសសឹកដោយផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ជាមួយមូលនិធិទ្រទ្រង់ជនភៀសសឹក ក៏ដូចជា សិល្បករ-សិល្បការិនី រួមជាមួយមហាជនមកពីស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការវេចខ្ចប់ និងលើកដាក់គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ សម្រាប់យកចែកជូនជនភៀសសឹក និងវីរកងទ័ព។

លោកជំទាវ អ្នកឧកញ៉ា ចាត់ទុកថា កាយវិកាដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ ក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយស្មារតីស្នេហាជាតិ ហើយក៏បានបង្ហាញពីស្មារតីសាមគ្គី គ្នាជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងបច្ចាមិត្តទាំងឡាយដែលឈ្លានពានមកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាការចូលរួមចំណែកបន្ធូរបន្ថយការលំបាករបស់ប្រជាជនភៀសសឹក ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។

មូលនិធិទ្រទ្រង់ជនភៀសសឹក បានកើតឡើងដោយគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្រោមកិច្ចសហការរួមជាមួយសមាគមសិល្បករខ្មែរ, ធនាគារវីង, ក្រុមហ៊ុន CBS, ក្រុមហ៊ុន សែលកាត និងដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការកៀរគរថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ថា ការស្ម័គ្រចិត្តលើកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំាបាច់ផ្សេងៗនេះ បានរៀបនៅព្រឹកថ្ងៃពុធ ទី១៧ ធ្នូនេះ ចាប់ពីម៉ោង ៩ព្រឹក តទៅ នៅ Royal One ជិតស្តុបកាណាឌីយ៉ា អតីតប៉ុស្តិ៍លេខ ៣ចាស់ ដើម្បីឆ្លើយតបបន្ទាន់នឹងសភាពការណ៍នៃកំណើនជនភៀសសឹក និងតម្រូវចាំបាច់នៅជំរំភៀសសឹក។ សូមបងប្អូនសិល្បករ និងមហាជនគ្រប់មជ្ឈដ្ឋានចូលរួមជួយឱ្យបានច្រើនកុះករ ដែលជួយគាំទ្រដល់កម្លាំងមហាសាមគ្គីជាតិខ្មែរ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាណាត, លឹម មុនី

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង