
ភ្នំពេញ៖ ក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា កំពុងរៀបចំវេចខ្ចប់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដែលជាអំណោយសប្បុរសធម៌របស់ មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន បានបរិច្ចាគជូន មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីត្រៀមយកចែកជូន វីរកងទ័ពកម្ពុជា និងជនភៀសសឹក នៅថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០២៥។
អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី ១៨ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារសមាជិក សមាជិកានៃមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ពិនិត្យ និងរៀបចំវេចខ្ចប់នូវអំណោយសប្បុរសធម៌ ដោយផ្ទាល់ នៅសភាពាណិជ្ជកម្មកម្ពុជា។
អំណោយសប្បុរសធម៌ ដែលក្រុមការងារមូលិនិធិសភាពាណិជ្ជកម្មកម្ពុជា ត្រៀមនឹងយកចែកជូនវីរកងទ័ព និងជនភៀសសឹក រួមមាន៖ ថវិកា, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចបង្កើតមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលនូវអំណោយគ្រប់ប្រភេទ ដើម្បីរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់ជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលបាននឹងកំពុងខិតខំតស៊ូការពារអធិប តេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំមូលនិធិសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈប្រើប្រាស់ចំាបាច់ផ្សេងៗ ជាមួយមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជា សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា និងសាធារណជន ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការជួយវេចខ្ចប់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ សម្រាប់យកចែកជូនវីរកងទ័ពកម្ពុជា និងជនភៀសសឹក។
អ្នកឧកញ៉ា ប្រធាន ចាត់ទុកថា កាយវិកាដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ ក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយស្មារតីស្នេហាជាតិ ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីភាព ជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងបច្ចាមិត្តទាំងឡាយដែលឈ្លានពានមកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជា ការចូលរួមចំណែកបន្ធូរបន្ថយលំបាករបស់ប្រជាជនភៀសសឹក ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។
ដើម្បីឆ្លើយតបន្ទាន់ទៅនឹងកំណើនជនភៀសសឹក និងតម្រូវការចាំបាច់នៅមណ្ឌលជនភៀសសឹកនានា សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវឲ្យសមាជិក សមាជិកា សប្បុរសជន និងសាធារណៈជន អញ្ជើញចូលរួមទាំងអស់គ្នាក្នុងការរៀបចំវេចខ្ចប់ អំណោយសប្បុរសធម៌ នៅអគ្គនាយដ្ឋានសភាពាណិជ្ជកម្មកម្ពុជា (អគារលេខ7D មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ)៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ ង៉ាន់ សំណាង និង ឆំា បិន
