×

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចាត់តំណាង នាំយកអំណោយមូលនិធិទ្រទ្រង់ជនភៀសសឹក ចែកជូនពលរដ្ឋជិត ៤ពាន់គ្រួសារ នៅខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានចាត់តំណាងដែលមានក្រុមការងារសមាគមសិល្បករខ្មែរ និងក្រុមការងារ CBS បាននាំយកអំណោយមូលនិធិទ្រទ្រង់ជនភៀសសឹក ចែកជូនប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកចំនួន ៣នៃខេត្តកោះកុង។

ការចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីសំណាក់មូលនិធិទ្រទ្រង់ជនភៀសសឹក ជូនដល់ប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារ នាពេលនេះ គឺជាការគិតគូរពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចំពោះការលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលរងគ្រោះ និងរងផលប៉ះពាល់ពីជម្លោះព្រំដែន ជាពិសេសគឺការរំលោភបំពានមកលើផ្ទះសម្បែង និងដីស្រែចម្ការ ដែលពួកគាត់បាននិងកំពុងរស់នៅអាស្រ័យផល។

បើតាមលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្រុមទាហានថៃ បានធ្វើការឈ្លានពានបាញ់កាំភ្លើងចេញពីនាវាចម្បាំងចំនួនពីរគ្រាប់ ចូលមកទឹកដីខេត្តកោះកុង បានធ្វើឲ្យពលរដ្ឋមានការភិតភ័យ និងបានភៀសខ្លួនមកកាន់ជំរំសុវត្ថិភាពជាបន្តបន្ទាប់។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅខេត្តកោះកុងទាំងមូល លោកជំទាវ ឈី វ៉ា សូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក និងក្រុមការងារសមាគមសិល្បករខ្មែរ ដែលបានផ្តល់ និងនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនប្រជាពលរដ្ឋនៅខេត្តកោះកុង។

ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, ក្រុមការងារមូលនិធិ បានសូមគោរពកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់កងមកម្លាំងជួរមុខទាំងអស់ ដែលហ៊ានតស៊ូលះបង់គ្រប់បែបយ៉ាង ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ក្នុងកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ និងបានគោរពនូវទឹកចិត្តគ្រួសារកងកម្លាំងទាំងអស់ដែលបានឈរនៅពីក្រោយយ៉ាងរឹងមាំ ព្រមទាំងសូមគោរពកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលបានតស៊ូអត់ធ្មត់យ៉ាងខ្លាំងនៅក្នុងស្ថានភាពដ៏លំបាកមួយនេះ។

ក្រុមការងារ ក៏បានពាំនាំនូវការសាកសួរសុក្ខទុក្ខពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជូនចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងគ្រាដ៏លំបាកមួយនេះ និងបានចូលរួមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងការចាកចេញពីផ្ទះសម្បែងទាំងបង្ខំ ដើម្បីគេចចេញពីការឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីប្រទេសកម្ពុជា។

សូមជម្រាបថា អំណោយដែលបានចែកជូននាពេលនេះ មានចំនួន ៩ រថយន្តធំនេះ ត្រូវបានចូលរួមរៀបចំពីក្រុមការងារសមាគមសិល្បករខ្មែរ និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលរួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រីទឹកស៊ីអីវ ភួយ នំ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត ខណៈដែល ២ រថយន្តធំទៀត នឹងត្រូវដឹកជញ្ជូនទៅកាន់ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃស្អែក ទី១៩ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្រោមកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, សមាគមសិល្បករខ្មែរ, ក្រុមហ៊ុន សែលកាត, ធនាគារ វីង និងក្រុមហ៊ុន CBS។ រហូតមកទល់ពេលនេះ មូលនិធិនេះ បាននាំយកអំណោយដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ជូនជនភៀសសឹក និងជនរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ និងវីរកងទ័ពការពារព្រំដែន ជាបន្តបន្ទាប់៕

អត្ថបទ៖ចេង ឆហួត និងរូបភាព៖ អ៊ុន ផាណាត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង