×

សមាគមសិល្បករខ្មែរ និងផលិតកម្មបារមី ប្រជុំរៀបចំបែងចែកស្បៀងដែលទទួលបានពីមូលនិធិ «Rise for Khmer» ជូនជនភៀសសឹកឱ្យមានតម្លាភាព

ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិសេសមួយជាមួយនឹងផលិតកម្មបារមី ដើម្បីរៀបចំចាត់ចែងថវិកាចំនួន ៨០.០០០ ដុល្លារសហរដ្ឋអាម៉េរិក ដែលទទួលបានពីការប្រគំតន្ត្រី «Rise for Khmer» នៅទីក្រុងប៉ារីស ប្រទេសបារាំង ឱ្យមានតម្លាភាព និងបានទៅដល់ដៃបងប្អូនជនភៀសសឹកយ៉ាងពិតប្រាកដ។

ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពលំបាករបស់ជនភៀសសឹក ដែលកំពុងជួបប្រទះការខ្វះខាតផ្នែកជីវភាព និងសុខុមាលភាព កន្លងមកនេះ កម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ «Rise for Khmer» ត្រូវបានរៀបចំឡើងនៅប្រទេសបារាំង ដែលបេសកកម្មមួយផ្នែកធ្វើឡើងដើម្បីប្រមូលថវិកាសម្រាប់ជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹកដែលទទួលរងការឈ្លានពានយ៉ាងព្រៃផ្សៃពីប្រទេសថៃ។

នៅក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ថ្នាក់ដឹកនាំ និងតារាចម្រៀងប្រចាំផលិតកម្មបារមី បានពិភាក្សាការងារ និងដាក់ចេញនូវយុទ្ធសាស្ត្របែងចែកថវិកាឱ្យបានសមស្រប សមធម៌ និងអាចបង្កើតផលប្រយោជន៍អតិបរមា សម្រាប់ជនដែលកំពុងរងផលប៉ះពាល់។ នៅក្នុងនោះ ដើម្បីបន្តបេសកកម្មឱ្យបានយូរអង្វែង ទាំងសមាគមសិល្បករខ្មែរ និងផលិតកម្មបារមី ក៏បានយល់ស្របគ្នាក្នុងការបង្កើតមូលនិធិមួយដែលមានឈ្មោះថា «Rise for Khmer» ដែលទាំងបងប្អូនខ្មែរក្នុង និងក្រៅប្រទេស ពិសេសជនបរទេសគ្រប់ជាតិសាសន៍សុទ្ធតែអាចចូលរួមបរិច្ចាគបានទាំងអស់គ្នាផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា ការប្រើប្រាស់ថវិកាសប្បុរសធម៌គ្រប់កាក់គ្រប់សេន ត្រូវធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះមនុស្សធម៌ ដើម្បីឱ្យជំនួយនេះអាចទៅដល់ដៃអ្នកត្រូវការយ៉ាងពិតប្រាកដ និងទាន់ពេលវេលា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង