
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានរៀបចំកិច្ចប្រជុំពិសេសមួយជាមួយនឹងផលិតកម្មបារមី ហើយក៏មានភ្ជាប់វីដេអូខល ជាមួយនឹងភាគី តារាសប្បាយ នៅប្រទេសបារាំង ដើម្បីពន្លឿនការងារមនុស្សធម៌ជួយដល់ជនភៀសសឹកពីសង្គ្រាមឈ្លានពានឱ្យបានលឿនបំផុត។
ការប្រគំតន្ត្រី Rise for Khmer នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាវេទិកាតន្ត្រីដ៏អស្ចារ្យមួយ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកតម្កើងសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ បង្ហាញពីតម្លៃពិតនៃសុខសន្តិភាព និងជាសកម្មភាពគាំទ្រដល់សកម្មភាពមនុស្សធម៌រួមចំណែកជួយដល់ជនភៀសសឹកពីសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ។
ដូច្នេះ កិច្ចប្រជុំត្រីភាគីនេះ ជាការបូកសរុបលទ្ធផលការងារ ក្រោយការប្រគំតន្ត្រី Rise for Khmer ទទួលបានជោគជ័យយ៉ាងធំធេងនៅលើឆាកអន្តរជាតិ ហើយថវិកាដែលទទួលបានពីការប្រគំតន្ត្រីនេះ នឹងត្រូវប្រើជាប្រយោជន៍រួមជួយដល់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះពីសង្គ្រាមបានព្រំដែនកម្ពុជា ថៃ៕
