×
ព័ត៌មានថ្មី
  1. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ទទួលពានរង្វាន់កិត្តិយស ក្នុងនាមជា អភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៦
  2. ប្លែកមាត់ទៀតហើយ! ត្រីសាលម៉ុនជួបជាមួយផ្លែត្រឡឹងតឹង ស្នាដៃ ចំរ៉ុង ក្នុងកម្មវិធី Cook & Chill ថ្ងៃអាទិត្យនេះ!
  3. គន្លឹះងាយៗ ៥ យ៉ាងដើម្បីញ៉ាំអាហារល្អសម្រាប់សុខភាព
  4. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  5. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ទទួលពានរង្វាន់កិត្តិយស ក្នុងនាមជា អភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៦

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញប្រគល់ពានរង្វាន់កិត្តិយសដ៏ថ្លៃថ្លាជូនដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករកម្ពុជា ដែលបានទទួលកិត្តិយសធំធេងក្នុងការធ្វើជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ នេះ។
ការប្រគល់ពានរង្វាន់កិត្តិយសដ៏ថ្លៃថ្លាជូនដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ត្រូវបានធ្វើឡើងនារាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ ខណៈដែលពានរង្វាន់នេះ គឺជាការសរសើរពិសេសចំពោះការខិតខំប្រឹងប្រែង និងការលះបង់យ៉ាងស្មោះត្រង់របស់លោកជំទាវ ក្នុងការលើកស្ទួយវិស័យសិល្បៈ និងភាពយន្តកម្ពុជា ឲ្យកាន់តែរីកចម្រើន និងលេចធ្លោក្នុងឆាកអន្តរជាតិ។
ជាមួយនឹងវិស័យសិល្បៈដែលកំពុងរីកលូតលាស់ លោកជំទាវអ្នកឧកញ៉ា បានក្លាយជាគំរូនៃការដឹកនាំដែលពោរពេញដោយទស្សនវិស័យ កម្លាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់ឱកាស និងបង្កើនតម្លៃសិល្បៈជាតិឲ្យមានភាពរឹងមាំ និងមានកិត្តិយសលើឆាកពិភពលោក។
ក្នុងនាមជាអភិបាលកិត្តិយស លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានដើរតួជាអ្នកលើកស្ទួយសិល្បៈឈានមុខមួយរូប ដើម្បីជំរុញការរីកចម្រើននៃឧស្សាហកម្មភាពយន្តដ៏រឹងមាំ និងប្រកបដោយចីរភាពនៅកម្ពុជា ដោយលើកកម្ពស់វិស័យសិល្បៈថា ជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង និងអត្តសញ្ញាណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានមានប្រសាសន៍អំពីតួនាទីថ្មីនេះថា កម្ពុជាគឺជាទឹកដីដែលសម្បូរទៅដោយសិល្បៈ និងវប្បធម៌ដ៏រស់រវើក។ ពន្លឺដ៏ត្រចះត្រចង់នៃមរតកវប្បធម៌ខ្មែរ នឹងក្លាយជាប្រភពបំផុសគំនិតដល់ស្នាដៃរបស់អ្នកផលិតភាពយន្តគ្រប់រូប ដើម្បីឱ្យក្លាយជាការច្នៃប្រឌិតផ្នែករូបភាពដ៏គួរឱ្យទាក់ទាញបំផុតមួយនៅក្នុងទីផ្សារអន្តរជាតិ។ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិល្បករ និងអ្នកផលិតភាពយន្តអន្តរជាតិទាំងអស់មកកាន់ប្រទេសរបស់យើង ដែលជាស្ទូឌីយោវប្បធម៌ដ៏ចំណាស់ និងធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងនាមជាប្រធានកិត្តិយស លោកជំទាវ អ្នកឧកញ៉ា មានមោទនភាពក្នុងការគាំទ្រ រួមចំណែក និងលើកទឹកចិត្តតាមគ្រប់មធ្យោបាយចំពោះវត្តមាន និងការផលិតភាពយន្តរបស់អស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង គូសបញ្ជាក់ថា ទោះបីកម្ពុជាតូច ប៉ុន្តែកម្ពុជាពោរពេញទៅដោយសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល, ជាពិសេស នៅតំបន់រមណីយដ្ឋានអង្គរដ៏ល្បីល្បាញ ដែលមានប្រាង្គប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ និងប្រាសាទជិត ១០០ផ្សេងទៀត គឺជាភស្តុតាងនៃស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរ។ ក្រៅពីតំបន់អង្គរ តំបន់បេតិកភណ្ឌសំខាន់ៗផ្សេងទៀត ដូចជា ប្រាសាទព្រះវិហារ សំបូរព្រៃគុក ជាដើម សុទ្ធតែជាការបង្ហាញពីភាពរុងរឿងនៃអរិយធម៌ និងអត្តសញ្ញាណជាតិរបស់ប្រជាជាតិខ្មែរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា តាមរយៈកិច្ចប្រឹងប្រែងគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការចូលរួមសហការពីដៃគូពាក់ព័ន្ធនានា ឆ្នាំនេះគឺជាឆ្នាំទី១៥ ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាបានរៀបចំឡើង ហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តប្រមាណ ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល ០៦ថ្ងៃ នៅលើផ្ទាំងសំពត់ស នៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បីជូនសាធារណជនទស្សនាដោយសេរី។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏សូមស្វាគមន៍លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករកម្ពុជា ដែលបានធ្វើជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នាឆ្នាំនេះ។ លោកជំទាវបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ លោកជំទាវអ្នកឧកញ៉ា ដែលបានគាំទ្រយ៉ាងមោះមុតសំដៅជំរុញលើកកម្ពស់ការយល់ដឹង និងសារសំខាន់នៃឧស្សាហកម្មភាពយន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ព្រមទាំងរួមចំណែកជំរុញការរអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។
លោក Cedric Eloy នាយកមហោស្រពភាពយន្តពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តរបស់លោកជំទាវថា ក្នុងនាមជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្តភាពយន្តអន្តរជាតិកម្ពុជា លោកជំទាវ ម៉ៅ ចំណាន គឺជាតំណាងឱ្យស្មារតីដ៏អមតៈនៃមរតកខ្មែរដោយបានដឹកនាំអ្នកបង្កើតថ្មីដោយភាពថ្លៃថ្នូរ និងចក្ខុវិស័យ ដើម្បីបណ្តុះការច្នៃប្រឌិតបង្កើនសាមគ្គីភាពក្នុងចំណោមសិល្បករ និងធ្វើឱ្យពិភពលោកភ្លឺស្វាងតាមរយៈថាមពលនៃការផ្លាស់ប្តូរនៃវិស័យភាពយន្ត។
[3/26/2026 11:18 AM] CBS B Phors News: ការគាំទ្ររបស់លោកជំទាវអ្នកឧកញ៉ា មិនត្រឹមតែជួយឱ្យកេរ្តិ៍ឈ្មោះភាពយន្តកម្ពុជា មានសភាពរស់រវើកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសម្លឹងមើលលើសារៈសំខាន់នៃការវិនិយោគលើសិល្បៈ និងវប្បធម៌ ដើម្បីលើកស្ទួយរាជធានីភ្នំពេញ ជាមណ្ឌលវប្បធម៌មួយនៅអាស៊ីអាគ្នេយ៍ ដែលអាចទាក់ទាញសិល្បករផ្សេងៗ អ្នកនិទានរឿងនានា ទស្សនិជនពីក្នុងតំបន់ និងការផ្លាស់ប្តូរវប្បធម៌ជុំវិញសកលលោក។
សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ត្រូវបានបង្កើតឡើងក្នុងគោលបំណងអបអរសាទរសិល្បៈភាពយន្ត និងមានគោលដៅកំណត់ទីតាំងកម្ពុជា ជាគោលដៅឈានមុខគេសម្រាប់វប្បធម៌ភាពយន្តនៅអាស៊ីអាគ្នេយ៍។ CIFF បម្រើជាវេទិកាសម្រាប់អ្នកផលិតភាពយន្តក្នុងស្រុក និងអន្តរជាតិ ក្នុងការទំនាក់ទំនងសហការ និងបង្ហាញស្នាដៃរបស់ពួកគេ ដែលជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ សុក្រឹតភាពនៃសិល្បៈនិងកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕
អត្ថបទ៖ចេង ឆហួត និងរូបភាព៖អេង សុគុណ, ង៉ាន់ សំណាង, អ៊ុន ផាន់ណាត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង