ភ្នំពេញ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលដែលបង្កើតឡើងដោយជនជាតិខ្មែរ ១០០% បានចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដើម្បីដាក់ឱ្យដំណើរការជាផ្លូវនូវកម្មវិធីប្តូរយករង្វាន់ ដែលជាព្រឹត្តិការណ៍នៃភាពច្នៃប្រឌិតមួយដ៏សំខាន់តាមរយៈការផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗមិនធ្លាប់មានសម្រាប់អតិថិជន។
តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ វីង ទាំងអស់អាចប្តូរ Wingpoints ជាមួយ KrisFlyer Miles ដែលធ្វើឱ្យការចំណាយមានប្រសិទ្ធភាពជាងមុន និងរីករាយជាមួយដំណើរកម្សាន្តជុំវិញពិភពលោក។
ពិធីអបអរសាទរភាពជាដៃគូនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន Singapore Airlines រួមមាន៖ លោក Bryan Koh អនុប្រធានផ្នែកទីផ្សារ, លោក Zechariah Chai អ្នកគ្រប់គ្រងប្រចាំតំបន់នៃភាពជាដៃគូ KrisFlyer, និងកញ្ញា Berlinda Yong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Singapore Airlines ប្រចាំប្រទេសកម្ពុជា។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនធនាគារ វីង ទាំងអស់ អាចប្រើប្រាស់ Wingpoints ប្តូរយកពិន្ទុនៅក្នុងកម្មវិធី KrisFlyer Miles បានយ៉ាងងាយស្រួល ដែលជាការផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសសម្រាប់ដំណើរកម្សាន្ត និងធ្វើឱ្យគុណភាពជីវិតកាន់តែស្រស់បំព្រង។ កិច្ចសហការជាយុទ្ធសាស្ត្រនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នទាំងពីរក្នុងការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់របស់អតិថិជនកាន់តែប្រសើរ ក៏ដូចជាជំរុញការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល។
តាមរយៈការធ្វើសមាហរណកម្មនៃផ្លេតហ្វមឌីជីថល រវាងធនាគារឌីជីថលឈានមុខគេរបស់ប្រទេសកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ដែលមានកិត្តិនាមដ៏ល្បីល្បាញនៅលើពិភពលោក ភាពជាដៃគូនេះនឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចបង្កើនអត្ថប្រយោជន៍ពីការទូទាត់ប្រចាំថ្ងៃជាមួយធនាគារ វីង និងការទិញទំនិញនៅលើអេប Wingmall នូវឱកាសធ្វើដំណើរកម្សាន្តទៅកាន់ពិភពលោកតាមរយៈការប្រើប្រាស់Wingpoints ដែលទទួលបាន ដោយប្តូរទៅជា ពិន្ទុ KrisFlyer Milesដែលអាចប្រើប្រាស់ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះជាមួយក្រុមហ៊ុន Singapore Airlines ឬប្តូរយកផលិតផលដ៏សម្បូរបែបពីផ្សារឌីជីថល KrisShop។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “នេះមិនគ្រាន់តែជាការផ្តល់ជូននូវកម្មវិធីរង្វាន់ធម្មតានោះឡើយ តែវាក៏ជាជម្រើសនៃដំណោះស្រាយដ៏មានភាពច្នៃប្រឌិតមួយដែលជួយឱ្យអតិថិជនបង្កើនបទពិសោធន៍ធ្វើដំណើរទៅកាន់ពិភពលោក។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបម្រើជូនអតិថិជនរបស់យើងនូវអត្ថប្រយោជន៍ពីការទូទាត់ប្រចាំថ្ងៃ ហើយអាចប្រែក្លាយទៅជាបទពិសោធន៍ទូទាត់ជាសកល និងធ្វើដំណើរទៅកាន់ពិភពលោក។”
ការប្តូរយកពិន្ទុរង្វាន់គឺមានភាពងាយស្រួល ដោយគ្រាន់តែធ្វើឡើងតាមរយៈអេប Wing Bank ។ អ្នកប្រើប្រាស់គ្រាន់តែជ្រើសរើសមុខងារ ‘Earn Wingpoints’ រួចជ្រើសរើស ‘Redeem KF Miles’ ដើម្បីប្តូរពី Wingpoints យកពិន្ទុរង្វាន់ KrisFlyer Miles ហើយរីករាយជាមួយអត្ថប្រយោជន៍ភ្លាមៗ។ អតិថិជនក៏នឹងទទួលបាន ១.០០០ Wingpoints បន្ថែម បន្ទាប់ពីធ្វើប្រតិបត្តិការប្តូររង្វាន់ពី Wingpoints ទៅ KrisFlyer Miles បានដោយជោគជ័យ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ឆ្នាំនេះមានសារៈសំខាន់ពិសេសសម្រាប់ទាំងកម្ពុជា និងសិង្ហបុរី នៃការបង្កើតទំនាក់ទំនងប្រទេសទាំងពីរ ដោយប្រទេសសិង្ហបុរីប្រារព្ធខួបលើកទី ៦០នៃឯករាជ្យភាពរបស់ខ្លួន ដែលជាដំណើរដ៏អស្ចារ្យនៃការផ្លាស់ប្តូរ និងវឌ្ឍនភាព។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កិច្ចសហការរវាងធនាគារ វីង និង Singapore Airlines ពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិរបស់យើង និងជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅកាន់អាស៊ានដែលកាន់តែមានទំនាក់ទំនង និងរីកចម្រើន។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានភ្ជាប់ប្រទេសកម្ពុជាជាយូរមកហើយជាមួយនឹងពិភពលោក ហើយភាពជាដៃគូនេះបើកឱកាសថ្មីសម្រាប់ការរីកចម្រើន ការច្នៃប្រឌិត និងមិត្តភាពកាន់តែស៊ីជម្រៅ។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា សម្ព័ន្ធភាពបែបនេះ គឺជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលប្រទេសទាំងពីរចងភ្ជាប់ដោយតម្លៃរួម ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តដើម្បីរីកចម្រើន។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញទំនុកចិត្តថា កិច្ចសហប្រតិបត្តិការរបស់ធនាគារ វីង និងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នាពេលនេះ នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនអ្នកធ្វើដំណើរអន្តរជាតិរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជា មកពីជុំវិញពិភពលោក តាមរយៈអាកាសយានដ្ឋាន Changi សិង្ហបុរី ដែលត្រូវបានចាត់ទុកថា ជាច្រកផ្លូវអាកាសដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ជើងហោះហើររវាងកម្ពុជា និងសិង្ហបុរីបច្ចុប្បន្ន ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី មានជើងហោះហើរប្រមាណ ៧០ជើងក្នុងមួយសប្តាហ៍។ នេះជាសញ្ញាដ៏រឹងមាំមួយដែលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ដើម្បីអបអរសាទរនៃភាពជាដៃគូនេះ អ្នកប្រើប្រាស់ធនាគារ វីង ទាំងអស់នឹងទទួលបាននូវភាពរីករាយ ក្នុងការបញ្ចុះតម្លៃពិសេសជាមួយក្រុមហ៊ុន Singapore Airlines។ ចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់អ្នកដំណើរដែលកក់សំបុត្រយន្តហោះពីភ្នំពេញទៅសិង្ហបុរី នឹងទទួលបានការបញ្ចុះតម្លៃ ៥% ដោយគ្រាន់តែបញ្ចូលលេខកូដប្រូម៉ូសិន SQWING25 ពេលកក់សំបុត្រ។
អតិថិជនអាចធ្វើដំណើរ ចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលជាឱកាសដ៏ល្អសម្រាប់ការរៀបចំទុកជាមុន។ រួសរាន់ឡើង ការផ្តល់ជូននេះមានកំណត់។
ភាពជាដៃគូនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការជំរុញវិស័យទេសចរណ៍ក្នុងតំបន់ ក៏ដូចជាជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដែលនឹងផ្តល់ជូនប្រជាជនកម្ពុជានូវអត្ថប្រយោជន៍កាន់តែច្រើន, ភាពងាយស្រួល និងឱកាសធ្វើដំណើរជុំវិញពិភពលោក៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី