ភ្នំពេញ៖ កិច្ចប្រជុំរវាង ក្រុមហ៊ុន PETRONAS LNG និងគម្រោង ROYAL GROUP បុទុមសាគរ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសការវិនិយោគរួមគ្នា និងការនាំចូលនូវឧស្ម័ន LNG និងការធ្វើអាជីវកម្មផ្សេងៗទៀតទាក់ទងនឹងវិស័យថាមពលសម្រាប់ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ហើយអគ្គនាយករបស់ក្រុមហ៊ុន PETRONAS LNG ក៏បានស្វាគមន៍គោរពអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP ទៅប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីប្រព័ន្ធ LNG និងឧស្សាហកម្ម LNG របស់ PETRONAS ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ LNG ធំជាងគេមួយនៅលើពិភពលោក។
ROYAL GROUP បុទុមសាគរ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ROYAL GROUP កំពុងធ្វើនូវគម្រោងបុទុមសាគរ LNG ដែលមានអានុភាព ៩០០MW នៅក្នុងខេត្តកោះកុង ទាក់ទងទៅនឹងវិស័យថាមពល។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន ROYAL GROUP OF COMPANIES ដែលជាក្រុមហ៊ុនមេរបស់ ROYAL GROUP បុទុមសាគរ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ បុទុមសាគរ LNG បានចាប់ផ្តើមគម្រោងរោងចក្រឧស្ម័នធម្មជាតិដើរដោយថាមពលហ្គាស LNG ដែលមានតម្លៃ ១.៣៤ពាន់លានដុល្លារអាម៉េរិក ហើយសមត្ថភាពរោងចក្រនេះមានសមត្ថភាពផលិតរួមបញ្ចូលគ្នា ៤៥០MW ចំនួនពីរ សម្រាប់សមត្ថភាពសរុប ៩០០MW។ នេះគឺជារោងចក្រថាមពលដែលបានប្រកាសពីមុន និងធំជាងគេ។
ចំណែកក្រុហ៊ុន PETRONAS LNG គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ឧស្ម័នLNG ដ៏ធំមួយនៅលើពិភពលោក និងក៏មានគម្រោងធំនៅតាមបណ្តាប្រទេសធំៗជាច្រើន ដូចជា ម៉ាឡេស៊ី អូស្ត្រលី កាណាដា អាម៉េរិក ជប៉ុន និងកូរ៉េជាដើម៕