×

ឈ្វេងយល់ពីប្រវត្តិរបាំប្រជាប្រិយខ្មែរ “រាំវង់ រាំក្បាច់”

យោងតាមសៀវភៅ “ទស្សនីយភាពខ្មែរ” របាំប្រជាប្រិយរាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងទូទាំងប្រទេស ទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំ ក៏ដូចនៅវាលទំនាប ឬក៏តំបន់មាត់សមុទ្រ។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយរៀបចំសម្តែងទៀតផង។ អាស្រ័យហេតុនេះទើបគេសង្កេតឃើញប្រជាជនខ្មែរ តាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្ត្រ ទាំងក្មេង ទាំងចាស់ ប្រុសស្រីចេះរាំរបាំនេះ គ្រប់ៗគ្នា។

ពាក្យថា «រាំវង់» គឺជាលក្ខណៈពិសេសសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគឺពេលរាំគេនាំគ្នារាំបន្តគ្នាជារង្វង់មូល ហើយជារបាំសម្រាប់រាំលេងកម្សាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ ក្រោយពីការបំពេញពលកម្មនានារួច។

ចំពោះប្រវត្តិកំណើត​នៃ «របាំរាំវង់» នេះវិញ បើពឹងផ្អែកលើឯកសារសរសេរ និងភាពជាក់ស្តែងក្នុងជីវិតដែលបានប្រព្រឹត្តដល់សព្វថ្ងៃនេះ គេជឿថា សិល្បៈរាំវង់មានអាយុច្រើនសតវត្សរ៍ណាស់មកហើយនៅលើទឹកដីនៃមាតុភូមិកម្ពុជា។ តាំងពីបុព្វេដ៏យូរលង់ ទាំងជនជាតិខ្មែរ និងជនជាតិឯទៀត ដែលស្ថិតក្នុងអំបូរជាមួយគ្នាដូចជា ព្នង គ្រឹង ទំពូន ព្រៅ… មានការទាក់ទងនឹងការរាំវង់ ឬជារង្វង់មូលនេះ។

បងប្អូនជនជាតិខ្មែរលើ ភូមិភាគឦសាននៃប្រទេស ឬតំបន់ព្រៃភ្នំនៃភូមិភាគដទៃទៀតនិយមរាំលេងកម្សាន្តនៅជុំវិញភ្នក់ភ្លើងនាពេលរាត្រី ។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះមានអាយុច្រើនពាន់ឆ្នាំមកហើយ ហើយក៏នៅមានសេសសល់រហូតដល់សព្វថ្ងៃ។

ឯកសារខ្លះបានបង្ហាញថា ក្នុងពិធីលៀងអារក្ខឬឡើងអ្នកតាជាជំនឿខ្មែរដើមមានតាំងពី យូរលង់ មុនសម័យដែលព្រាហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាហូរចូលមកក្នុងតំបន់ជ្រោយ សុវណ្ណភូមិ, ពោលគឺតាំងពី ៣០៩ ឆ្នាំមុនគ្រឹស្តស័ករាជ ដែលជនជាតិខ្មែរតែងតែនាំគ្នាសង់រោងតូចមួយដោយវាតវ័តព័ទ្ធជុំវិញ ហើយរូបមេមត់ឬអ្នកចូលរូបតែងតែរាំជារង្វង់មូលជុំវិញរោងនោះក្នុងពេលប្រារព្ធពិធីលៀងអារក្ខ។ រីឯពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ដែលមានអាយុកាលច្រើនរាប់ពាន់ឆ្នាំមកហើយ គេឃើញមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) ហើយដែលបងប្អូនយើងថែរក្សាឱ្យគង់វង្សរហូតមកដល់សព្វថ្ងៃនេះផងនោះ ក៏មានទម្លាប់រាំជាវង់ ឬជារង្វង់មូលផងដែរ។

លើសពីនេះទៀត បងប្អូនជនជាតិ ពៅ ព្នង ត្រឹង ទំពូន…នៅតែប្រកាន់ខ្ជាប់ទំនៀម ទម្លាប់ «រាំវង់ភូមិថ្មី» ដែលភាសាជនជាតិនិយមថា «រាំវង់ស្រុកហាន់ទើម»។ របាំរាំវង់ភូមិថ្មីគេមានទម្លាប់ធ្វើនៅក្នុងពេលប្តូរភូមិ ពីភូមិចាស់ ទៅរស់នៅភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពី-បីទៅប្រាំពីរឆ្នាំ មុននឹងប្តូរភូមិ ឬចាកចេញពីភូមិចាស់ មេកន្ទ្រាញនិងចាស់ទុំក្នុងភូមិ តែងនាំគ្នាធ្វើ ពិធីផ្សងទៅតាមជំនឿរបស់ខ្លួនដើម្បីរកកន្លែងថ្មីដែលមានលក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់ គ្រាន់ និងជាកន្លែងដែលអាចការពារសន្តិសុខជូនប្រជាជនក្នុងស្រុកភូមិបានល្អ។ ពេលផ្សង រើសរកដីថ្មីបានហើយ ទើបគេនាំគ្នាធ្វើពិធីកំណត់ឆ្នាំសម្រាប់រស់នៅ ដើម្បីឱ្យដឹងថា តើពួកគេ អាចរស់នៅបានប៉ុន្មានឆ្នាំនៅនឹងភូមិថ្មីនោះ? ពិធីកំណត់ឆ្នាំសម្រាប់រស់នៅនេះ ប្រព្រឹត្តទៅ ដោយមេកន្ទ្រាញនិងចាស់ទុំភូមិ ធ្វើពិធីផ្សងដោយយកប្រទាលមកចិត្តទម្លាក់លើដីចំនួនប្រាំពីរចំណិត។

បើប្រទាលនោះក្រឡាប់ប៉ុន្មានចំណិត នោះគេជឿថា គេអាចរស់នៅក្នុងភូមិថ្មីនោះ បានប៉ុណ្ណឹងឆ្នាំដែរ ពោលគឺតាមចំនួនចំណិតប្រទាលដែលក្រឡាប់នោះ។ ជំនឿនេះ មានរៀង រហូតតាំងពីបុព្វេយូរលង់ណាស់មកហើយ។ ពេលធ្វើពិធីផ្សងរកដីថ្មីបានហើយ មេកន្ទ្រាញក៏ ប្រកាសឱ្យអ្នកស្រុក អ្នកភូមិ រុះរើពីភូមិចាស់ ទៅរៀបចំផ្ទះសម្បែងនៅភូមិថ្មី។ ពេលនាំគ្នាចូល ទៅភូមិថ្មីជាដំបូង គេនាំគ្នាប្រារព្ធពិធីសម្តែងរបាំរាំវង់ភូមិថ្មីនេះមុនគេបង្អស់។ អ្នកស្រុកអ្នកភូមិ មានស្រី មានប្រុស នាំគ្នារាំជាគូ តាមប្រពៃណីដូនតា តៗគ្នារហូតដល់បច្ចុប្បន្ន ដែលមានជំនឿ ថា នឹងនាំឱ្យគេគ្រប់ៗគ្នាបានសេចក្តីសុខចម្រើន។

យោងតាមការរៀបរាប់ខាងលើនេះ បញ្ជាក់ថា របាំរាំវង់នៅប្រទេសកម្ពុជា មានតាំងពីយូរយារណាស់មកហើយជារបាំដែលជាប់នឹងពិធីប្រពៃណី តែលុះចំណេរក្រោយមកទើបក្លាយជារបាំប្រជាប្រិយដែលមានការនិយមចូលចិត្តពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល ។ ក្រោយមកទៀតក្នុងពេលដែលប្រទេសជិតខាងមាន សៀម និងឡាវ បានចាប់កំណើតឡើង របាំរាំវង់នេះ ក៏ដូចជាទម្រង់សិល្បៈឯទៀតដែរ បានហូរចុះហូរឡើង ឬក៏ជះឥទ្ធិពលឆ្លងគ្នាទៅវិញទៅមករវាងខ្មែរ និងលាវ ខ្មែរ និងសៀម ពិសេសគ្រប់តំបន់ជាយដែន និងតំបន់ដែលមានប្រជាជនខ្មែរ-ឡាវ ឬខ្មែរ-សៀមរស់នៅលាយឡំគ្នាច្រើននោះ។

តាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មានដែលក្រុមអ្នកស្រាវជ្រាវទទួលបានពីចាស់ទុំជាច្រើនបានបញ្ជាក់ថា នៅប្រទេសកម្ពុជា របាំប្រជាប្រិយរាំវង់ រាំក្បាច់ បានរីកចម្រើនយ៉ាងខ្លាំងនៅសតវត្សទី២០ ។ ពិសេសគឺតាំងពីពេលដែលចលនាខ្មែរឥស្សរៈកើតមាននៅគ្រប់តំបន់ក្នុងប្រទេស និងជីវពលនារីក្លាហានក្រោកឡើងបណ្តេញអាណានិគមបារាំង ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិនោះមក ហើយដែលគេអាចឃើញមានសល់នៅបទចម្រៀងរាំវង់មួយចំនួនដែលអាចជាតឹកតាង ឬជាអនុស្សាវរីយ៍នៃសម័យកាលនោះផង។ ប្រហែលនៅក្នុងពេលនោះដែរ ដែលឥទ្ធិពលនៃពាក្យបរទេសដូចជាពាក្យថា រាំ «ឡាំថូន» ឬឡក «ឡាំថូន» ថូនគឺស្គរ ត្រូវខ្មែរយកមកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈដែលបោះទីតាំងក្នុងព្រៃ ជ្រៅៗ តំបន់ភ្នំដងរែក តំបន់ជ្រាវឱរា៉ល់ ភ្នំក្រវាញ តំបន់ភាគឦសាននៃប្រទេស (ដែលអាចចងសម្ព័ន្ធជាមួយឥស្សរៈឡាវ) ឬតំបន់មាត់សមុទ្រក្តី ច្រើននាំគ្នាលេងរាំវង់ ដោយប្រើស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈងាយស្រួលក្នុងការកម្សាន្តទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅជាមូលដ្ឋានបង្អែក។ សូមបញ្ជាក់ថា ស្គរដៃនេះជាស្គរនៃវង់ភ្លេងអារក្ស ឬវង់ភ្លេងប្រពៃណី ភ្លេងការរបស់ជនជាតិខ្មែរដែលមានកំណើតរាប់ពាន់ឆ្នាំមកហើយ។

តាំងពីពេលស្រុកខ្មែរបានឯករាជ្យ ពីពួកអាណានិគមបារាំងនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ មក ប្រទេសជាតិ និងប្រជារាស្ត្រមានសេរីភាពគ្រប់គ្រាន់។ របាំប្រជាប្រិយរាំវង់ រាំក្បាច់ ក៏បានរីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេរាំជាមួយវង់ភ្លេងខ្មែរ ដែលមានឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ច្រើន ផ្សេងៗទៀតរហូតដល់វង់តន្ត្រីសម័យយ៉ាងទំនើប ដែលយើងឃើញរហូតដល់សព្វថ្ងៃនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង