កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំសមត្ថកិច្ចក្រោមឱវាទ ចុះទៅទីតាំងកន្លែងកើតហេតុ ដែលមានប្រជាពលរដ្ឋស្លាប់ជាបន្តបន្ទាប់ហូតដល់ ៨នាក់ និង១នាក់ទៀត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយមានការសង្ស័យពុលស្រា។ ករណីនេះ បានកើតឡើងបន្ទាប់ពីជនរងគ្រោះបានផឹកស្រា នៅពេលទៅចូលរួមកំដរបុណ្យសព ឈ្មោះ ម៉ន ងន អាយុ ៥១ឆ្នាំ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា ករណីសង្ស័យពុលស្រានោះ បានកើតឡើងនៅភូមិស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្ដាល ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ដែលមានមនុស្សស្លាប់ជាបន្តបន្ទាប់ចំនួន ៨នាក់ ហើយ។ អ្នកដែលបានស្លាប់រួមមាន ឈ្មោះ ម៉េន ម៉ន ភេទប្រុស អាយុ៥១ឆ្នាំ បានស្លាប់នៅផ្ទះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១, ឈ្មោះ ម៉ាង បឹង ភេទប្រុស អាយុ៥៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យស្រុក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១, ឈ្មោះម៉ន វាសនា ភេទប្រុស អាយុ ៥៣ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១, ឈ្មោះ ហេង គ័ង ភេទប្រុស អាយុ ២៩ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១, ឈ្មោះ សុខ ស៊ូ ភេទប្រុស អាយុ ៥៣ឆ្នាំ បានស្លាប់នៅផ្ទះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១, ឈ្មោះ សុខ ស៊ឺម ភេទប្រុស អាយុ ៥៧ឆ្នាំ បានស្លាប់នៅផ្ទះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១, ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ បានស្លាប់នៅផ្ទះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ និងឈ្មោះ មាំង សារុន ភេទប្រុស អាយុ ៤២ឆ្នាំ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រែកព្នៅ។
ពាក់ព័ន្ធនឹងករណីសង្ស័យពុលស្រាខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឱ្យសមត្ថកិច្ចចុះទៅកាន់ទីតាំងកន្លែងលក់ស្រានោះ និងយកស្រាទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីរកឱ្យឃើញពីមូលហេតុនៃការស្លាប់នោះ៕