ត្បូងឃ្មុំ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា តាមលទ្ធផលធ្វើតេស្តរហ័យនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ២៧នាក់ នៅក្រុងសួង ស្រុកអូរាំងឪ ស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ដែលជាករណីឆ្លងក្នុងសហគមន៍ពីរាជធានីភ្នំពេញ។ ទន្ទឹមការរកឃើញនេះ មានអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន ១៣៣នាក់ ផងដែរ។
ចំពោះការរកឃើញចំនួនច្រើនជាលើកដំបូងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ ឱ្យរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង២៧នាក់ ខាងលើ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញាផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតកន្លែងរស់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ដោយអត្រាឆ្លងក្នុងសហគមន៍នៅតែបន្តកើតមានក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំស្ទើរាល់ថ្ងៃ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់សាធារណៈជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីនែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បន្តទៀត៕