ស្វាយរៀង៖ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩សរុប ៩៣០នាក់ (ស្រី ៥៤៧នាក់) ក្នុងនោះ ជនជាតិខ្មែរចំនួន ៨៨៦នាក់ ជនជាតិបរទេសចំនួន ៤៤នាក់ និងបានស្លាប់ចំនួន ៦នាក់ ជាជនជាតិខ្មែរ ។ ចំណែកអ្នកជាសះស្បើយសរុប ៤៦៣នាក់(ស្រី ២២២នាក់)។
យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន មន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាក បានយកសំណាកលើកម្មករ-កម្មការិនីចំនួន ២.៥១៧នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៥២នាក់ ក្នុងចំណោមរោងចក្រចំនួន៨ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣គឺ មានតំបន់សេដ្ឋកិច្ចពិសេសសានតុង (មានរោងចក្រ យូលី១ រោងចក្រប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត) តំបន់សេដ្ឋកិច្ចពិសេស មេនហាធេន (រោងចក្រសាន់ហ្វេង រោងចក្រម៉ូរ៉ូហ្វូជី និងរោងចក្រយូធីឡាយ) និងតំបន់សេដ្ឋកិច្ចពិសេសតាយសេង (រោងចក្រអេអិនជេ និងរោងចក្រស្មាតថេក)។
ចំពោះប្រភពចម្លង ក្រុមការងារសង្ស័យទៅលើបុរសជាប្តីកម្មការិនីម្នាក់ ដែលដឹកជញ្ជូនបន្លែពីស្វាយរៀងយកទៅលក់នៅផ្សារដើមគ។ ករណីខ្លះប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាននឹងចម្លងគ្នា រួចចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវឃើញថា មិនមានការចម្លងទេ។
ក្រោយពីរកឃើញអ្នកវិជ្ជមាន ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ខេត្ត ធ្វើចត្តាឡីស័ក និងយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់។ ចំណែកអ្នកប៉ះពាល់ប្រយោលឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយប្រសិនជាមានចេញរោគសញ្ញា ដូចជា ក្តៅ ក្អក ថប់ដង្ហើម ហៀរសំបោរ ត្រូវប្រញាប់ប្រញាល់ទៅធ្វើសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩៕