ជប៉ុន៖ មន្ត្រីនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃពុធ បានច្រានចោលការតវ៉ារបស់កូរ៉េខាងត្បូងប្រឆាំងនឹងផែនទីមួយនៅលើគេហទំព័រសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលបង្ហាញថាប្រជុំកោះមួយដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង គឺជាទឹកដីរបស់ជប៉ុន។
ប្រជុំកោះតូចៗដែលត្រូវបានកូរ៉េខាងត្បូងដាក់ឈ្មោះថា ដុកដូ (Dokdo) និងជប៉ុនដាក់ឈ្មោះថា តាកេស៊ីម៉ា (Takeshima) នោះ គឺជាចំណុចស្នូលនៃជម្លោះទឹកដីរាប់ទសវត្សរ៍មកហេីយវាងប្រទេសទាំងពីរ។
លោក ខាត់ស៊ូណូបុ កាតូ (Katsunobu Kato) រដ្ឋមន្ត្រីខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយថា «ប្រជុំកោះ តាកេស៊ីម៉ា (Takeshima) គឺជាទឹកដីមួយរបស់ប្រទេសជប៉ុនដោយផ្អែកទៅលេីអង្គហេតុប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ យើងមិនអាចទទួលយកបានទាល់តែសោះនូវការតវ៉ារបស់កូរ៉េខាងត្បូង»។
អាជ្ញាធរកីឡាកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ក៏បានផ្ញើលិខិតមួយទៅឲ្យប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស បាក (Thomas Bach) ដោយបានស្នើសុំឱ្យគាត់ជួយសម្រុះសម្រួលការតវ៉ាប្រឆាំងរបស់កូរ៉េខាងត្បូងនេះ។
ការតវ៉ាជាសាធារណៈបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីប្រជុំកោះនេះត្រូវបានដាក់បញ្ចូលនៅលើផែនទីប្រទេសជប៉ុនក្នុងគេហទំព័រសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដោយមានបង្ហាញពីផែនទីផ្លូវសម្រាប់ការរត់បណ្ដាក់គប់ភ្លេីងកីឡាអូឡាំពិក។
នៅក្នុងវីដេអូមួយដែលគេចែកចាយនៅលេីបណ្ដាញសង្គម គេឃេីញនិស្សិតកូរ៉េខាងត្បូង ៣នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារបន្ទាប់ពីដុតទង់ជាតិរបស់ជប៉ុននៅក្នុងការតវ៉ាមួយនៅខាងក្រៅស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល។
ប្រជុំកោះមានជម្លោះនោះមានចម្ងាយ ២២៥គីឡូម៉ែត្រពីឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាងត្បូង។ ស្របពេលដែលកូរ៉េខាងត្បូងកាន់កាប់ប្រជុំកោះនេះ ប្រទេសជប៉ុនក៏កំពុងទាមទារអះអាងថាប្រជុំកោះនេះជាដែនដីរបស់ខ្លួនដែរ៕