តាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញផលដំណាំកញ្ឆាជាច្រើនពាន់ដើម ខណ:ជនខិលខូចលួចដាំខុសច្បាប់ នៅទីតាំងចំនួន៩ និងកម្ទេចអាងស្តុកទឹកចំនួន៦ផងដែរ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចដុបកំរ៉ែង ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ លើផ្ទៃដីប្រមាណ ៣.៨១២ម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងដោយមានការស្រាវជ្រាវករណីដាំដើមកញ្ឆាខុសច្បាប់រាប់ពាន់ដើមនៅទីតាំងខាងលើ លោកបានដឹកនាំកម្លាំងចុះផ្ទាល់ទៅដក និងដុតបំផ្លាញចោលដើមកញ្ឆាទាំងនោះ ថែមទាំងវាយកម្ទេចអាងស្តុកទឹកបម្រើឱ្យដំណាំកញ្ឆាចំនួន ៦ ទៀតផង។
សូមបញ្ជាក់ថា ក្នុងករណីបង្ក្រាបដំណាំកញ្ឆានោះ កម្លាំងសមត្ថកិច្ចចាប់ម្ចាស់ចម្ការកញ្ឆាទាំងនោះមិនបានទេ ព្រោះពួកគេដឹងខ្លួនមុន និងរត់គេចបាត់អស់។ តែទោះជាយ៉ាងណាក៏ដោយកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីចាប់យកទៅផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕