កំពង់ស្ពឺ៖ កម្មការិនីចំនួន ៥នាក់ ក្នុងចំណោម ២១នាក់ ត្រូវបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តដឹកកម្មករ បានជួបគ្រោះថ្នាក់ចរាចរណ៍បុកដើមឈើ ដែលបណ្តាលឱ្យកម្មការិនីរងរបួសធ្ងន់ស្រាលជាច្រើននាក់។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលំ ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្តដឹកកម្មករមួយគ្រឿង បានបុកដើមឈើដែលស្ថិតនៅក្បែរផ្លូវ បណ្តាលឱ្យអ្នកនៅលើរថយន្ត រួមទាំង កម្មករ-កម្មការិនីចំនួន ២១នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកឧដុង្គ។ ក្រោយបញ្ជូនដល់ ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរកវ៉ីរុសកូវីដ-១៩លើកម្មករ-កម្មការិនីទាំងអស់នោះ។
លោកវេជ្ជបណ្ឌិត ហុក គ្រី បានបញ្ជាក់ថា ក្រោយពីធ្វើតេស្តលើសមាសភាពកម្មករ-កម្មការិនី ២១នាក់ ក្រុមគ្រូពេទ្យ បានរកឃើញកម្មការិនីចំនួន ៥នាក់ មានផ្ទុកជំងឺកូវីដ-១៩ ក្នុងនោះ មានឈ្មោះ រ៉ន សាវ៉ន អាយុ ៣៨ឆ្នាំ រស់នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ធ្វើការនៅរោងចក្រ ដាលី, ឈ្មោះ សឿន សុខន អាយុ ៣៥ឆ្នាំ រស់នៅក្នុងឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ធ្វើការនៅរោងចក្រ សូភៀល, ឈ្មោះ រុន ស្រីនុត អាយុ ២៥ឆ្នាំ រស់នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ធ្វើការនៅរោងចក្រ សេរី, ឈ្មោះ ធី គន្ធា អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ធ្វើការនៅរោងចក្រ ខេម ATI និងឈ្មោះ រិន រ៉ន អាយុ ២០ឆ្នាំ រស់នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ធ្វើការនៅរោងចក្រ Top Uhil។
ប្រធានមន្ទីរពេទ្យ បានបន្តថា ក្រោយរកឃើញ វិជ្ជមានជំងឺកូវីដ-១៩លើកម្មការិនីទាំង ៥នាក់ខាងលើ អ្នកដែលពាក់ពន្ធ័ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងរង់ចាំយកសំណាកលើកទី២ ដើម្បីបញ្ជាក់ថា គ្មានផ្ទុកវ៉ីរុសកូវីដ-១៩៕