×

ជ្រូក៥០ក្បាល ដែល​បាន​លួចនាំ​ចូលពីថៃ និង​មាន​ផ្ទុក​មេរោគ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ត្រូវ​បាន​ធ្វើការ​ដុតកម្ទេច​ចោល

តាកែវ៖ សត្វជ្រូកចំនួន ៥០ក្បាល ត្រូវបានសម្រេចដុតកម្ទេចចោលនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានរកឃើញផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលក្រុមបានឈ្មួញបានលួចនាំចូលពីក្រៅប្រទេស។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សត្វជ្រូកដែលដុតបំផ្លាញចោល ជាជ្រូកដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ និងចាប់បានកាលពីសប្តាហ៍មុន នៅទីសត្តឃាតមួយកន្លែង នៅក្នុងខណ្ឌច្បារអំពៅ និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាម លោក តាន់ ផាន់ណារ៉ា ឱ្យដឹងថា រយៈពេល៥ខែឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានបង្ក្រាបសត្វជ្រូកដែលក្រុមឈ្មួញលួចនាំចូលពីក្រៅប្រទេសបានចំនួន ៣១ករណី ហើយនេះជាលើកទី៤ ដែលមានការដុតកម្ទេចចោលសត្វជ្រូកលួចនាំចូល បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្រៅពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែ ពង្រឹងវិធានការទប់ស្កាត់ការនាំចូលផលិតផលកសិកម្មពីបរទេស ដោយបង្កើនផលិតផលក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញ ហើយជាការកត់សម្គាល់ឃើញថា ការចិញ្ចឹមជ្រូកក្នុងស្រុកបានកើនឡើង ១០ភាគរយ បន្ទាប់ពីកាត់បន្ថយការនាំចូល។

លោក តាន់ ផាន់ណារ៉ា ក៏បានអំពាវនាវឱ្យក្រុមឈ្មួញ បញ្ឈប់ការលួចនាំចូលពីក្រៅប្រទេស ក៏ដូចជាស្នើដល់ប្រជាពលរដ្ឋជួយរាយការណ៍ដល់សមត្ថកិច្ច ក្នុងករណីសង្ស័យឃើញមានការលួចលាក់ នាំចូលដោយខុសច្បាប់ សំដៅទប់ស្កាត់នូវជំងឺសត្វជ្រូកនេះ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ធ្លាប់បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសចិន ហើយបានរីករាលដាលដល់ប្រទេសវៀតណាមកាលពីដើមឆ្នាំ២០១៩ និងបានឆ្លងចូលដល់កម្ពុជា ដោយបានធ្វើឱ្យសត្វជ្រូក ងាប់ជាង ៤.០០០ក្បាល និងខាតបង់គិតជាទឹកប្រាក់អស់ប្រមាណជា ៨០ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានប្រកាសកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃកើតមានកើតជំងឺនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង