×

ទីក្រុង Melbourne របស់​អូស្ត្រាលី​បន្តការបិទខ្ទប់​មួយសប្ដាហ៍​ទៀត​ដេីម្បី​ទប់ទល់​នឹង​ការឆ្លង​វីរុស​កូវីដ-១៩

អូស្ត្រាលី៖ រដ្ឋវិកតូរៀ  (Victoria) របស់ប្រទេសអូស្រ្តាលីបានបន្តដាក់ឲ្យអនុវត្តវិធានការបិទខ្ទប់ចំនួន  ១សប្ដាហ៍ថែមទៀតនៅក្នុងទីក្រុងមែលប៊ន  (Melbourne) ដេីម្បីទប់ស្កាត់ការផ្ទុះឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩  បំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃេីញជាលេីកដំបូងក្នុងប្រទេសឥណ្ឌា  ប៉ុន្តែនឹងបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួននៅក្នុងតំបន់ផ្សេងទៀត។

រដ្ឋវិកតូរៀ  (Victoria)  ទាំងមូលបានស្ថិតនៅក្រោមវិធានការបិទខ្ទប់តាំងពីថ្ងៃទី២៧  ខែឧសភា  ហេីយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៣  ខែមិថុនានេះ  បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩  បំប្លែងខ្លួនប្រភេទថ្មីដែលបានវាយលុក  និងឆ្លងយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋនេះ។

ក្រុមមន្ត្រីសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩  ចំនួន ៦នាក់បន្ថែមទៀតកាលពីថ្ងៃពុធ ដែលនេះនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងការផ្ទុះឆ្លងនាពេលថ្មីៗនេះកេីនឡេីងដល់ ៦០នាក់នៅក្នុងរដ្ឋនេះ។

បេីទោះបីជាទីក្រុងមែលប៊ន  (Melbourne) ដែលមានពលរដ្ឋរស់នៅប្រហែល ៥លាននាក់នឹងត្រូវស្ថិតនៅក្រោមវិធានការបិទខ្ទប់រហូតដល់ថ្ងៃទី១០ ខែមិថុនាក៏ដោយ ក៏វិធានការបិទសម្រាប់រដ្ឋវិកតូរៀ  (Victoria) ទាំងមូលត្រូវបានដកចេញវិញហើយ ប៉ុន្តែនៅដាក់កម្រិតដល់ការជួបជុំជាសាធារណៈ និងឯកជននៅឡើយ។

ការដាក់ឲ្យអនុវត្តវិធានការបិទខ្ទប់ជាថ្មីនេះ  គឺជាលើកទី៤ហេីយដែលបានធ្វើឡើងនៅក្នុងទីក្រុងមែលប៊ន  (Melbourne) និងរដ្ឋវិកតូរៀ  (Victoria) ចាប់តាំងពីការចាប់ផ្តើមការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ មក។

ពេលឆ្លងវីរុសកូវីដ-១៩  ខ្លាំងបំផុតគឺនៅពាក់កណ្តាលឆ្នាំ២០២០ និងមានរយៈពេលជាង៣ខែ ដែលនៅពេលនោះ ររដ្ឋវិកតូរៀ  (Victoria) បានរងគ្រោះពីរលកទី២នៃការឆ្លងរាតត្បាតរបស់វីរុសនេះដែលបានសម្លាប់មនុស្សជាង ៨០០នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង