ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានអនុម័តយល់ព្រមឱ្យលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លាលែងពីមុខតំណែង។
ការអនុម័តយល់ព្រមនេះ បានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាលែងពីមុខតំណែង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែលោកមានជំងឺប្រចាំកាយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ចំនួន៣ថ្ងៃមកហើយ បន្ទាប់ពីលោកមានជំងឺប្រចាំកាយ ដែលត្រូវសម្រាកព្យាបាលសុខភាព។
ជាមួយនឹងការយល់ព្រមឱ្យលោក ស៊ិក ប៊ុនហុក លាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួស លោក ស៊ិក ប៊ុនហុក ផងដែរ។
លោកបានបញ្ជាក់បន្ថែមថា តាមនីតិវិធីការប្រកាសជ្រើសរើសបេក្ខជនប្រធានគ.ជ.ប ត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ហើយតាមច្បាប់ គឺគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត ជាអ្នកស្នើដាក់បេក្ខជន។ លោកអះអាងថា បេក្ខជនដែលត្រូវជ្រើសរើស គឺត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមសេចក្តីប្រកាស។
សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីឆ្នាំ២០១៥៕