ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ជួន ណារ៉ុន នៅថ្ងៃទី៣ ខែមិថុនា បានចេញលិខិតដោយអនុញ្ញាតឱ្យសាលាឯកជន រៀបចំការប្រឡងបញ្ចប់ថ្នាក់ទី៦ និងប្រឡងបឋមភូមិថ្នាក់ទី៩ (ឌីប្លូម)។ ការអនុញ្ញាតនេះ ធ្វើឡើងតាមសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
តាមរយៈលិខិត លោក ហង់ជួន ណារ៉ុន បានលើកឡើងថា “ក្រសួងអប់រំ យុវជន និងកីឡា យល់ព្រមតាមសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលជាសមាជិកសមាគម រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) ឬឌីប្លូម ឆ្នាំសិក្សា២០២០-២០២១ ដោយគ្រឹះស្ថានសិក្សាសាមី ជាអ្នកទទួលខុសត្រូវទៅតាមប្រតិទិនប្រឡងរៀងរៀងខ្លួន”។
ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផលនៃការប្រឡងនេះ និងធ្វើអធិការកិច្ចប្រសិនបើចាំបាច់។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានមានប្រសាសន៍ថា ក្រសួងអប់រំ នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងឌីប្លូម និងបាក់ឌុបដដែល ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩។ ក្រសួងអប់រំ សូមលើកទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រតាមអនឡាញ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណ:ពេលដែលកម្ពុជា និងពិភពលោក កំពុងប្រឈមនឹងកូវីដ-១៩៕