×

យោធាម៉ាឡេស៊ី​នឹង​សាងសង់​មន្ទីរពេទ្យ​ចល័ត​៦កន្លែងទៀត​ក្នុងគ្រា​ដែល​ការឆ្លង​ជំងឺកូវីដ-១៩​កើនឡើង

គូឡាឡាំពួ៖ កងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងសាងសង់មន្ទីរពេទ្យចល័តចំនួន៦កន្លែងទៀតបន្ថែមពីលើមន្ទីរពេទ្យចំនួន៣ដែលត្រូវបានសាងសង់លើកមុនក្នុងគ្រាដែលការឆ្លងជំងឺកូវីដ-១៩កំពុងកើនឡើង។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីលោក អ៊ីសាម៉េល សាប្រ៊ី យ៉ាកូប (Ismail Sabri Yaakob) បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិដែលបានមកពីកញ្ចប់ថវិកាបន្ថែមជាង២៤២លានដុល្លារអាមេរិកនឹងត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទៅលើមន្ទីរពេទ្យទាំងនេះនិងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ។

ប៉ុន្តែលោកមិនបាននិយាយអំពីទីតាំងដែលនឹងត្រូវសាងសង់មន្ទីរពេទ្យនោះទេ ខណៈដែលបច្ចុប្បន្នមន្ទីរពេទ្យចល័តចំនួន៣កំពុងដំណើរការនៅក្នុងរដ្ឋសាបាស់ (Sabah), រដ្ឋសារ៉ាវ៉ាក់ (Sarawak) និងរដ្ឋប៉េណាំង (Penang) ។

ប្រទេសម៉ាឡេស៊ីកំពុងប្រឈមមុខនឹងរលកឆ្លងលើកទី៣នៃជំងឺកូវីដ-១៩ដែលចំនួនអ្នកឆ្លងបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានដល់៩,០២០នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងមានអ្នកស្លាប់យ៉ាងច្រើនដល់១២៦នាក់ក្នុងមួយថ្ងៃកាលពីថ្ងៃពុធ។

កាលពីថ្ងៃអង្គារ ប្រទេសម៉ាឡេស៊ីក៏បានដាក់ចេញនូវវិធានការបិទខ្ទប់ប្រទេសជាថ្មីរយៈពេលពីរសប្តាហ៍ផងដែរដោយអនុញ្ញាតឲ្យនៅដំណើរការតែសេវាសំខាន់ៗ ហើយផ្នែកខ្លះនៃវិស័យផលិតកម្មរបស់ប្រទេសនេះក៏ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដែរ ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកមកបំពេញការងារ។

ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨,២០៩នាក់ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសមួយនេះកើនដល់ជិតដល់៦០ម៉ឺននាក់ហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង