×

អាជ្ញាធរ​ខេត្តបាត់ដំបង រឹតបណ្តឹង​ការត្រួតពិនិត្យ​សុខភាព​ពលរដ្ឋ ដែលចូលមក​ខេត្តនេះ ក្រោយ​រកឃើញ​អ្នកវិជ្ជមាន​ជំងឺ​កូវីដ១៩ កើនឡើង

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បន្តធ្វើការរឹតបន្តឹងចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ ចូលមកក្នុងខេត្តបាត់ដំបង នៅត្រង់ចំណុចព្រំប្រទល់ខេត្តនិងខេត្ត ដើម្បីស្វែងរកវីរូសកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចូលទៅក្នុងសហគមន៍នៃខេត្តបាត់ដំបង។ ការបន្តរឹតបន្តឹងនេះ បានធ្វើឡើងក្រោយអាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ មានការកើនឡើង។

អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជ្ញាធរខេត្តបាត់ដំបង បានសហការជាមួយបណ្តាខេត្តជាប់ព្រំប្រទល់គ្នា រួមមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តពោធិ៍សាត់ ដើម្បីរៀបចំកន្លែងត្រួតពិនិត្យចំពោះករណីអ្នកសង្ស័យ ដោយប្រើឧករណ៍វាស់កម្តៅ បើមានការប្រែប្រួល ក្រុមមន្ត្រីជំនាញ នឹងធ្វើការតាមដានសុខភាពរបស់គាត់ ដោយយកមកដាក់នៅមណ្ឌលចត្តាឡីស័ក។ ក្នុងករណីផ្សេងៗទៀត បានឱ្យគាត់ទៅលំនៅដ្ឋានវិញ តែមានប្រជាការពារ និងថ្នាក់ដឹកនាំមូលដ្ឋាននៅទីនោះ ដើម្បីជួយតាមដាន បើសិនជាមានការវិឌ្ឍសុខភាព ត្រូវឆាប់ផ្តល់ដំណឹងភ្លាមៗមកអាជ្ញាធរមានសមត្ថកិច្ច ពិសេសមន្ត្រីសុខាភិបាល ចុះទៅពិនិត្យ ដើម្បីយកសំណាកជាដើម ។

ពាក់ព័ន្ធនឹងករណីនៃការផ្ទុះជំងឺកូវីដ១៩ ព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភៈ ជាពិសេសលំហូរប្រជាពលរដ្ឋមកពីតំបន់ផ្ទុះជំងឺកូវីដ១៩ ត្រូវបានលោក សឿម ប៊ុនរិទ្ធិ បញ្ជាក់ថា គឺដោយសារតែប្រជាពលរដ្ឋនៅតាមព្រំដែន បានធ្វើដំណើរទៅខេត្តប៉ៃលិន ហើយបានឆ្លងរាលដាលពីទីនោះមក ។
បើតាមលោក សឿម ប៊ុនរិទ្ធិ ឱ្យដឹងថា គ្រាន់តែក្នុងរយៈពេល តែ៣ថ្ងៃប៉ុណ្ណោះ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៩នាក់ ប៉ុន្តែអាជ្ញាធរ បានគ្រប់គ្រងសភាពការណ៍នេះបាន តាមរយៈយន្តការនៅមូលដ្ឋានមានប្រជាការពារ អាជ្ញាធរភូមិ ឃុំ បានផ្តល់ដំណឹងចំពោះប្រជាពលរដ្ឋណាដែលផ្លាស់ប្តូរទីសំណាក់ គឺពេលគាត់មកដល់ភ្លាម ត្រូវតែរាយការណ៍មកភ្លាម ហើយយកសំណាកវិភាគភ្លាម បើមានវិជ្ជមាន ត្រូវធ្វើការបិទខ្ទប់កន្លែងរស់នៅរបស់គាត់ និងនាំយកគាត់មកព្យាបាល ហើយអ្នកអវិជ្ជមានត្រូវធ្វើការតាមដាន និងធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់។ ចំពោះអ្នកប៉ះពាល់ផ្ទាល់ នាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌចត្តាឡីស័ក ដើម្បីទប់ស្កាត់មិនឱ្យមានការផ្ទុះនៅក្នុងសហគមន៍នោះឡើយ។ ព្រមជាមួយនោះ ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏បានចូលរួមសហការល្អ ពេលដែលឃើញមានអ្នកចំណូលប្លែក គាត់មករាយការណ៍ជូនអាជ្ញាធរមូលដ្ឋានតែម្តង ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៣២៦នាក់ បានព្យាបាលជាសះស្បើយចំនួន១១៦នាក់ មានករណីស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកតាមស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួន២០៨នាក់ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង