ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានសម្រេចថា នឹងស្នើសុំរាជរដ្ឋាភិបាល ដើម្បីបន្តពន្យារពេលការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។
នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំ ដែលដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដល់ដំណាច់ឆមាសទី១ នៃឆ្នាំ២០២១នេះ ដោយតាមដាន និងពិនិត្យមើលស្ថានភាពជាក់ស្តែង នៃឥទ្ធិពលរបស់ជំងឺកូវីដ-១៩នេះ យ៉ាងយកចិត្តទុកដាក់។
តាមស្ថានការនៃការបន្តប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ឥទ្ធិពលលើស្ថានភាពសង្គម-សេដ្ឋកិច្ច នៃព្រិត្តិការណ៍ ២០ កុម្ភៈ ២០២១, កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពគោលនយោបាយ និងបានឯកភាពគ្នាថា ស្ថានភាពបច្ចុប្បន្ន នៅមិនទាន់មានភាពអំណោយផល សម្រាប់ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ នៅឡើយ។
ក្នុងន័យនេះ កិច្ចប្រជុំបានសម្រេចថា នឹងស្នើសុំរាជរដ្ឋាភិបាល ដើម្បីបន្តពន្យារពេលការដាក់ឲ្យអនុវត្ត និងបន្តសិក្សា និងវាយតម្លៃស្ថានភាព នៃឥទ្ធិពលរបស់ ជំងឺកូវីដ-១៩ ជាប្រចាំ និងជាបន្តបន្ទាប់។
កិច្ចប្រជុំ ក៏បានផ្តល់ការណែនាំដល់ស្ថាប័ន ដែលជាប់ពាក់ព័ន្ធដល់ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ មុននឹងដាក់ឲ្យអនុវត្ត ដើម្បីជាការបង្កើនចំណេះដឹង ទាំងទៅលើគោលការណ៍ និងជាពិសេស ទៅលើអត្ថប្រយោជន៍ដែលជាការផ្តល់ការគាំពារដល់កម្មករ-នយោជិត ដោយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕