×

ល្ខោនស្បែកធំ បង្ហាញរូបរាងលើឆាកប្រកួតច្នៃម៉ូតដោយកូនខ្មែរមួយរូប

ភ្នំពេញ៖ ជាអតីតនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញច្នៃម៉ូតសម្លៀកបំពាក់ កញ្ញា សុខ បញ្ញា មានវ័យ២៧ឆ្នាំ បានបើកហាងច្នៃម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួនមួយដែលកំពុងដំណើរការយ៉ាងរលូន។ បើទោះបីជាក្តីសុបិនដំបូងបានសម្រេចហើយក្តី ក៏បញ្ញានៅតែបន្តអភិវឌ្ឍខ្លួនឯងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ជាក់ស្តែង កាលពីពេលកន្លងទៅ បញ្ញាបានដាក់ពាក្យប្រកួតក្នុងកម្មវិធីធំៗចំនួន ២ គឺ AirAsia Runway Ready Designer Search ២០១៧ ដែលនាងបានជាប់ Top9 ក្នុងចំណោមបេក្ខជនជាច្រើនរយនាក់ និងមួយទៀតគឺការប្រកួត ABC Lion of Fashion ២០១៩ ដែលនាងទទួលបានចំណាត់ថ្នាក់លេខ ២ ផងដែរ។

 

សម្រាប់ឆ្នាំ ២០២១ បញ្ញា ក៏ទើបបញ្ចប់ការប្រកួត Modern Ethnic Design Center ២០២១ (MEDC) កាលពីថ្ងៃទី២៧ ខែកក្កដា ដែលរូបនាងបានជ្រើសរើសយករចនាបថល្ខោនស្បែកធំមកច្នៃលើកាបូបគួរឱ្យចាប់អារម្មណ៍ដោយប្រើរយៈពេល១ខែក្នុងការច្នៃសមិទ្ធផលទាំងនេះឡើង។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍របស់កម្មវិធីនេះ គឺជាជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់ជួយកូនខ្មែរដែលស្រលាញ់វិស័យច្នៃម៉ូតដែលមានលក្ខណៈពិធីផ្តោតលើការប្រើប្រាស់សម្ភារដែលអាចកែច្នៃឡើងវិញយកមកច្នៃជាផលិតផលថ្មីសន្លាង។

សុខ បញ្ញា បានថ្លែងប្រាប់ Plus KH ថា គោលបំណងដែលនាងជ្រើសរើសយកល្ខោនស្បែកធំមកច្នៃក្នុងការប្រកួតដោយសារ នាងចង់លើកយកសិល្បៈខ្មែរមួយនេះដែលស្ទើរតែបាត់បង់ទៅហើយឱ្យបរទេសបានស្គាល់ ព្រោះការប្រកួតកម្មវិធី MEDC នឹងត្រូវផ្ញើឱ្យគណៈកម្មាការនៅប្រទេសអាល្លឺម៉ង់ធ្វើការវាយតម្លៃ និងបោះឆ្នោតស្វែងរកអ្នកជាប់ជ័យលាភីដែលលទ្ធផលនឹងចេញនៅពាក់កណ្តាលខែសីហា។

 

ក្នុងចំណោមបេក្ខជនជិត២០នាក់ នឹងត្រូវជ្រើសរើសរកអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះ ដែលអ្នកទទួលបានជ័យលាភីមានសិទ្ធិយកផលិតផលនៃការប្រកួតរបស់ខ្លួនទៅលក់នៅអាល្លឺម៉ង់ដោយផ្ទាល់ ថែមទាំងអាចក្លាយជាដៃគូសហការនាំចេញផលិតផលរបស់ខ្លួនទៅលក់ទីនោះទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង