ភ្នំពេញ៖ បង្វែរអារម្មណ៍ទៅមើលពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងទៅលើសកម្មភាពសាមញ្ញៗពោរពេញដោយសុភមង្គលដែលគ្រួសារមួយនេះផ្តល់ឱ្យគ្នាមិនជិនណាយ។
លោក ជា វណ្ណារិទ្ធ បានដាក់រហ័សនាមឱ្យខ្លួនឯងថាជា ប៉ាប៉ាសាមញ្ញ គឺពិតជាសាកសមមែនទែនដោយសារក្រោយបញ្ចប់ការងារសិល្បៈ លោកមិនដែលតាំងខ្លួនជាតារាល្បីអ្វីឡើយ ពោលការងារធ្ងន់ស្រាលទាំងប៉ុន្មានតែងមានវត្តមានតារាប្រុសរូបនេះចូលខ្លួនជួយមិនថាការងារផ្ទះ ជួយលក់ឥវ៉ាន់ប្រពន្ធ ឬ មើលថែកូនៗទាំង២ជាដើម។
បន្ថែមពីនេះផងដែរ តារាប្រុសរូបនេះមិនដែលភ្លេចរំឭកអនុស្សាវរីយ៍ជាមួយភរិយាឡើយដែលកាលពីម្សិលមិញ លោកបានបង្ហាញរូបថតកាលពីឆ្នាំ ២០១២ ប្រៀបជាមួយឆ្នាំ ២០២១ ដើម្បីរំឭកអនុស្សាវរីយ៍ដែលលោកបានមានទំនាក់ទំនងជាមួយភរិយា ហើយនេះក៏ជាផ្នែកមួយដែលលោកចង់បង្ហាញឱ្យគ្រប់គ្នាបានដឹងដែរថា បើទោះបីជាទាក់ទងគ្នារយៈពេលប៉ុណ្ណាមិនសំខាន់ អ្វីដែលសំខាន់ក្តីស្រលាញ់នៅតែផ្តល់ឱ្យគ្នាដូចកាលស្គាល់គ្នាដំបូង។
ជារឿយៗ ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ តែងបង្ហាញសកម្មភាពសុភមង្គលគ្រួសាររបស់ខ្លួនលើគណនីបណ្តាញសង្គមធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរពីចំណងស្នេហ៍ ក៏ដូចជាការចិញ្ចឹមកូនបានល្អពិតជាសាកសមជាគ្រួសារគំរូមួយក្នុងនាមជាអ្នកសិល្បៈល្បីឈ្មោះពិតមែន៕