បរទេស៖ ភ្លើងឆេះព្រៃ កំពុងបន្តឆាបឆេះនៅប្រទេសតួកគី ក្រិក និងអ៊ីតាលី ខណៈភូមិ និងឆ្នេរទាំងមូល ត្រូវបានជម្លៀសប្រជាជនចេញ។
តំបន់ឆ្នេរ ស្ថិតនៅក្នុងចំណោមតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយភ្លើងបានឆាបឆេះអស់រយៈពេល ៥ ថ្ងៃមកហើយ នៅក្នុងទីក្រុងឆ្នេរសមុទ្រមេឌីទែរ៉ាណេមួយចំនួនរបស់ប្រទេសតួកគី។
អ្នកស្រុក និងអ្នកទេសចរ ត្រូវបានជួយសង្គ្រោះ ដោយទូកតូចៗ នៅចុងសប្តាហ៍នេះ ខណៈឆ្មាំសមុទ្រ និងនាវាកងទ័ពជើងទឹក បានរង់ចាំបន្ថែមទៀត ដើម្បីចូលអន្តរាគមន៍ក្នុងករណីដែលត្រូវការការជម្លៀសទ្រង់ទ្រាយធំ។
អគ្គីភ័យជាង ១២០ ត្រូវបានរាយការណ៍ថា កំពុងកើតមាននៅតួកគី ដោយមានមនុស្ស ៨ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង ២៧ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អគ្គីភ័យ គឺជារឿងធម្មតានៅភាគខាងត្បូងប្រទេសតួកគី ក្នុងរដូវក្តៅ ប៉ុន្តែអ្នកជំនាញ បាននិយាយថា ឆ្នាំនេះអគ្គិភ័យធំជាងឆ្នាំមុនៗ។ អាជ្ញាធរកំពុងស៊ើបអង្កេតអំពីការឆេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានស្តីបន្ទោសលើការប្រែប្រួលអាកាសធាតុ ដោយសីតុណ្ហភាព ៥ ឬ ៦ អង្សាសេខ្ពស់ជាងឆ្នាំមុនៗ។
មន្រ្តីព្រៃឈើ បាននិយាយថា យន្តហោះ ៨ គ្រឿង និងឧទ្ធម្ភាគចក្រ ៥០ គ្រឿង នឹងហោះហើរនៅថ្ងៃចន្ទនេះ ដើម្បីជួយដល់ជនរងគ្រោះ។
អគ្គិភ័យ ក៏បានបំផ្លាញផ្នែកខ្លះនៃប្រទេសក្រិក និងអ៊ីតាលីផងដែរ។ នៅទីក្រុង Pescara ប្រទេសអ៊ីតាលី ប្រជាជនបានជម្លៀសចេញនៅពេលដែលពួកគេ បានឃើញផ្សែង និងអណ្តាតភ្លើងកំពុងឆេះចេញពីព្រៃស្រល់ក្បែរនោះ ហើយមនុស្សជាច្រើននាក់ បានរងរបួសនៅពេលពួកគេព្យាយាមពន្លត់ភ្លើងដែលបានឆាបឆេះផ្ទះរបស់ពួកគេ។ នៅកោះ Rhodes ប្រទេសក្រិក អ្នកស្រុកជាច្រើន គ្មានអគ្គិសនី និងទឹកប្រើប្រាស់៕