×

ចិនធ្វើតេស្ត​ពលរដ្ឋ​រាប់លាន​នាក់ ដោយសារ​ករណីឆ្លងថ្មី​នូវ​មេរោគ Delta

ប៉េកាំង៖ កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហា ទីក្រុងជាច្រើនរបស់ចិន បានធ្វើតេស្តរកវីរុសកូវីដ១៩ទ្រង់ទ្រាយធំ លើពលរដ្ឋរាប់លាននាក់ និងដាក់ចេញនូវការរឹតបន្តឹងលើការធ្វើដំណើរ ខណៈអាជ្ញាធរសុខាភិបាល កំពុងព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដ៏ធំបំផុត មិនធ្លាប់មានក្នុងរយៈពេលជាច្រើនខែមកនេះ។

ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៧៥នាក់រួមជាមួយករណីឆ្លងក្នុងសហគមន៍ចំនួន ៥៣នាក់ ហើយការឆ្លងជាចង្កោមចេញពីអាកាសយានដ្ឋានក្នុងទីក្រុងណានជីង (Nanjing) បានឆ្លងរាលដាលទៅដល់ទីក្រុងជាង២០ និងខេត្តជាង១០។

វាគឺជាការឆ្លងរាលដាលធំបំផុតក្នុងភូមិសាស្ត្ររបស់ចិនក្នុងរយៈពេលច្រើនខែមកនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍កាលពីឆ្នាំមុន។

ក្រុមមន្រ្តីជឿថា ការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ១៩នាពេលបច្ចុប្បន្ននេះ គឺមានជាប់ទាក់ទងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលតា (Delta) ដែលត្រូវបានគេរកឃើញលើបុគ្គលិកនៅអាកាសយានដ្ឋានក្នុងទីក្រុងណានជីង (Nanjing) កាលពីខែមុន។

បច្ចុប្បន្នអាជ្ញាធរចិន បានធ្វើតេស្តជុំទី៣លើពលរដ្ឋចំនួន ៩,២លាននាក់ក្នុងទីក្រុងនោះ និងអនុវត្តវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត។

អាជ្ញាធរ ក៏កំពុងតាមដានមនុស្សជាង ៥.០០០នាក់ដែលបានចូលទស្សនានៅរោងមហោស្រពមួយកន្លែង នៅទីក្រុង ចាងជៀជី (Zhangjiajie) ក្នុងខេត្តហ៊ូណាន (Hunan) ផងដែរ បន្ទាប់ពីអ្នកចូលទស្សនាចំនួន ៤នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ហើយខេត្តនោះត្រូវបានបិទខ្ទប់ទាំងស្រុង។

ជាមួយគ្នានោះ ទីក្រុងប៉េកាំង, កោះហៃណាន និងទីក្រុង ចេងជូ (Zhengzhou) ក៏បានរាយការណ៍ពីករណីឆ្លងថ្មីក្នុងសហគមន៍ផងដែរ។

គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅចិនដីគោកកើនដល់ ៩៣.១០៣នាក់ ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤.៦៣៦នាក់ ខណៈអ្នកជំងឺចំនួន ២៤នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង