ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បានបង្ហាញពីការព្រួយបារម្ភចំពោះវីរុសប្រភេទដែលតា ដែលកំពុងចរាចរនៅក្នុងប្រទេសកម្ពុជា ខណៈរាជធានី ខេត្តមួយចំនួន បានរកឃើញមេរោគដែលតាជាបន្តបន្ទាប់ ពិសេសរកឃើញលើពលករមកពីប្រទេសថៃ។
នៅក្នុងសារដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមធ្វីតធឺ (Twitter) កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ លោកស្រីបានឱ្យដឹងបែបនេះថា៖ “មេរោគដែលតា (Delta) កំពុងចរាចរនៅក្នុងប្រទេសហើយនៅពេលបច្ចុប្បន្ននេះ។ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាទប់ស្កាត់ដោយទំនួលខុសត្រូវនៅពេលនេះ ប្រសិនបើយើងមិនចង់ឆ្លងកាត់នូវគ្រោះមហន្តរាយសុខភាពសាធារណៈ នៅពេលក្រោយទេនោះ។ យុទ្ធនាការនៃការអប់រំសុខភាព ត្រូវចាប់ផ្ដើមជាបន្ទាន់ ដើម្បីញ៉ាំងឱ្យសហគមន៍ និងបុគ្គល ចូលរួមក្នុងការការពារ និងឆ្លើយតបនឹងកូវីដ១៩។”
គួររំឭកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មេរោគបំប្លែងថ្មី Delta បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍យើងហើយ។ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគ Delta សរុបចំនួន ២២៣ករណី ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥ករណី៕