អ្នកឧកញ៉ា គិត ម៉េង បាននាំយកនូវអាហារដ៏ឈ្ងុយឆ្ងាញ់ពី KFC ទៅជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តាមរយៈសេវាដឹកជញ្ជូនរបស់វីងម៉ល ដើម្បីសម្តែងការអរគុណសម្រាប់ការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯង និងភាពអង់អាចក្លាហានរបស់ពួកគាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ!
ដោយសារពពកខ្មៅនៃជំងឺរាតត្បាតនៅតែបន្តគ្របដណ្តប់ព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត មកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីការពារប្រជាជនកម្ពុជា។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ ពួកគាត់បានចំណាយពេលវេលានៅឆ្ងាយពីគ្រួសារជាច្រើនថ្ងៃ ហើយបានលះបង់ពេលវេលាជាងមួយឆ្នាំ ដើម្បីការពារប្រជាពលរដ្ឋ។
ជាកាយវិការមួយដើម្បីបង្ហាញពីការអរគុណ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំឱ្យ វីងម៉លយកអាហារពី KFC ដោយឥតគិតថ្លៃជូនដល់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដ៏អង់អាចក្លាហាន។
អ្នកឧកញ៉ា គិត ម៉េង ប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “ការរួមចំណែករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងអំឡុងពេលដ៏លំបាកនេះសម្រាប់ប្រទេសជាតិ ពិតជាមិនអាចមើលរំលងនោះឡើយ ។ ពួកគាត់មិនត្រឹមតែឈរនៅជួរមុខក្នុងការតាមដាន និងព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែសមាគមនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការការពារការរីករាលដាលនៃមេរោគនេះផងដែរ។ យើងសូមគោរពចំពោះការរួមចំណែករបស់អ្នកទាំងអស់គ្នាចំពោះសហគមន៍ដោយមិនគិតពីខ្លួនឯង។”
ក្រុមការងារដឹកជញ្ជូនរបស់វីងម៉ល បានយកអាហារពីហាង KFC ជាច្រើនកន្លែងនៅទីក្រុងភ្នំពេញ ហើយដឹកបញ្ជូនទៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឱ្យទាន់ពេលវេលាសម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេនៅថ្ងៃអាទិត្យ។
ពិធីប្រគល់ត្រូវបានធ្វើឡើងនៅការិយាល័យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ មុនពេលត្រូវបានចែកចាយភ្លាមៗដល់ក្រុមអ្នកស្ម័គ្រចិត្ត វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការ នៅទូទាំងទីក្រុង។
អ្នកឧកញ៉ា គិត ម៉េង បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបរិច្ចាគនូវធនធាន និងពេលវេលាយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
នៅក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកា ៣ លានដុល្លារបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការទិញឧបករណ៍ធ្វើតេស្តរហ័សពិនិត្យរកមើលជំងឺកូវីដ១៩។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “ខណៈពេលដែលប្រទេសជាតិ កំពុងជួបការលំបាកដូចនេះ វាជាកាតព្វកិច្ចរបស់យើង ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ក្នុងការជួយគាំទ្រប្រទេសជាតិរបស់យើង។ ខ្ញុំសូមឱ្យអ្នករាល់គ្នាអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោអំពី«៣កុំ និង៣ការពារ» ក៏ដូចជាការណែនាំពីក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ វាជារឿងតូចមួយដែលសាធារណជនអាចធ្វើបាន ខណៈពេលដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារយើងនិងគ្រួសាររបស់យើង”។
ចាប់តាំងពីដើមរៀងមក អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់គាត់បានចូលរួមយ៉ាងសកម្ម ប្រកបដោយទឹកចិត្តសប្បុរសធម៌ជួយដល់សហគមន៍ដែលកំពុងត្រូវការជំនួយក្នុងពេលមានជំងឺរាតត្បាត។
វីង បានដាក់បន្ថែមវីងម៉លទៅក្នុងកម្មវិធីស្មាតហ្វូនវីងកាលពីឆ្នាំមុន។ វីងម៉ល គឺជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានផ្តល់ការ គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនដែរ។
ធនាគារវីងបានកៀរគរសាធារណជន ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ កាលពីឆ្នាំមុន។
ធនាគារវីង ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយចែកចាយនូវមូលនិធិគាំពារសង្គមដល់ជនងាយរងគ្រោះផ្នែកហិរញ្ញវត្ថុនៅក្រោមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕