អឺរ៉ុប៖ យោងតាមសារព័ត៌មាន Financial Times បានរាយការណ៍ថា ក្រុមហ៊ុន Pfizer និង Moderna បានដំឡើងតម្លៃវ៉ាក់សាំងរបស់ពួកគេ នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់ចុងក្រោយសម្រាប់សហភាពអឺរ៉ុប។
តម្លៃថ្មីសម្រាប់វ៉ាក់សាំង BioNTech-Pfizer គឺ ១៩,៥ ផោន (២៣,១៥ ដុល្លារ) បើប្រៀបធៀបទៅនឹង ១៥,៥ ផោន (១៨,៤ ដុល្លារ) នៃតម្លៃកាលពីមុន។ តម្លៃវ៉ាក់សាំង Moderna គឺ ២៥,៥ ដុល្លារ កើនឡើងពី ២២,៥ ដុល្លារ នៃតម្លៃកាលពីមុន។
អង្គការឃ្លាំមើលឱសថរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្លុកនេះទំនងជាទទួលបានវ៉ាក់សាំង Moderna ចំនួន ៤០ លានបន្ថែមទៀតនៅខែតុលា។
លោកស្រី Ursula von der Leyen ប្រមុខ EU បាននិយាយកាលពីសប្តាហ៍មុនថា សហភាពអឺរ៉ុបកំពុងដំណើរការចាក់វ៉ាក់សាំងយ៉ាងតិច ៧០% នៃប្រជាជនពេញវ័យរបស់ខ្លួននៅចុងរដូវក្តៅ។ ជារួម ៥៧% នៃមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ ត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅទូទាំង ២៧ ប្រទេស។ លោកស្រី បានព្រមានថា ប្រជាជនមិនត្រូវធ្វេសប្រហែសទេ ទោះចាក់វ៉ាក់សាំងរួចហើយក៏ដោយ ព្រោះមេរោគដែលតា (Delta) ដែលមានគ្រោះថ្នាក់ខ្លាំង នៅតែជាការគំរាមកំហែង៕