×

រកឃើញ​មេរោគ​ដែលតា (Delta) ចំនួន ០៣ករណី ក្នុង​សហគមន៍ ខេត្តកំពង់ចាម

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២ ខែសីហានេះ បានឱ្យដឹងថា មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) មាន ០៣ករណីនៅក្នុងសហគមន៍ខេត្តកំពង់ចាម។

តាមរយៈការជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ ស្តីពីករណីរកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) ចំនួន០៣ ករណីនៅភូមិស្គន់ ឃុំសូទិព ស្រុកជើងព្រៃ និងនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបង្ហាញឱ្យឃើញថា មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) នេះ បានផ្ទុះកើតមាននៅក្នុងសហគមន៍។

រដ្ឋបាលខេត្តកំពង់ចាម សូមក្រើនរំលឹក និងសូមអំពាវនាវយ៉ាងទទូច ដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាម សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និង កែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ខ្សែចម្លងនៃមេរោគកូវីដ១៩ ជាពិសេសពពួកប្រភេទមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងឆ្លងរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមសមាជិកក្រុមគ្រួសាររបស់បុគ្គលដែលមានវិជ្ជមានកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តឱ្យបានត្រឹមត្រូវ និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាម វិធានសុខាភិបាល និងដោយមានការឃ្លាំមើលពីសំណាក់អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធ។

រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ “៣ការពារ និង៣កុំ” រួមនឹងវិធាននៃការអនាម័យនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តនូវការតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសង្គម រួមជាមួយវិធានការរដ្ឋបាលដែលកំពុងមានជាធរមាន។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីសម្រេចរបស់រដ្ឋបាល ខេត្តកំពង់ចាម ស្តីពីការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងសូមកុំចេញក្រៅ ឬកាត់បន្ថយ ការធ្វើដំណើរចេញពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងករណីមិនមានកិច្ចការចាំបាច់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង