ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងអាស្ដ្រាហ្សេនីកា (AstraZeneca) ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះបើយោងតាមអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។
ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់វ៉ាក់សាំងជូនកម្ពុជា រួមមាន ចិនបានផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ចំនួន ៤១ម៉ឺន ៥ពាន់ដូស។ គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាមាន ៧៤,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៩៦៦.៩៣១ នាក់៕