ប៉េកាំង៖ អាជ្ញាធរនៅទីក្រុងវូហាន នៅថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ បាននិយាយថា ពួកគេនឹងធ្វើតេស្តប្រជាជនទាំងអស់ ដើម្បីស្វែងរកអ្នកដែលឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីទីក្រុងនៅភាគកណ្តាលប្រទេសចិននេះ បានរកឃើញការឆ្លងក្នុងសហគមន៍ជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ។
មន្រ្តីជាន់ខ្ពស់ទីក្រុងអូហាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងដែលមានប្រជាជនចំនួន ១១ លាននាក់ កំពុងចាប់ផ្តើមធ្វើតេស្តយ៉ាងឆាប់រហ័សចំពោះប្រជាជនទាំងអស់។
អាជ្ញាធរបានប្រកាសកាលពីថ្ងៃចន្ទថា ការឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន ៧ករណី ត្រូវបានរកឃើញក្នុងចំណោមកម្មករចំណាកស្រុក នៅក្នុងទីក្រុងអូហាន ក្រោយមិនមានអ្នកឆ្លងជាងមួយឆ្នាំ ខណៈការផ្ទុះឡើងនូវជំងឺកូវីដ១៩ជាលើកដំបូងបង្អស់ ធ្វើឱ្យមានការបិទខ្ទប់នៅដើមឆ្នាំ២០២០។
អាជ្ញាធរ បានប្រាប់ឱ្យប្រជាជននៅទីក្រុងទាំងអស់នៅក្នុងគេហដ្ឋានរបស់ពួកគេ កាត់ផ្តាច់ការដឹកជញ្ជូនក្នុងស្រុក និងធ្វើតេស្តទ្រង់ទ្រាយធំក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍ចំនួន ៦១ ករណីកាលពីថ្ងៃអង្គារ ខណៈការផ្ទុះឡើងនៃវីរុស Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស បានទៅដល់ទីក្រុងជាច្រើន បន្ទាប់ពីមានការឆ្លងក្នុងចំណោមអ្នកបោសសម្អាត នៅព្រលានយន្តហោះណានជីង៕